កាលពីថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ របស់ក្លិបបឹងកេត បានប្រកួតឈ្នះក្រុមយុវជនអាយុក្រោម១៧ឆ្នាំ ដោយលទ្ធផល ១-០ នៅក្នុងសប្តាហ៍ទី៥ ពានរង្វាន់ KMH CUP 2019 ។
ប្រធានក្រុមរបស់យើង កីឡាករ ស្រ៊ី ពិសិដ្ឋ បានបង្ហាញចំណាប់អារម្មណ៍ក្រោយចប់ការប្រកួតថា៖ « ខ្ញុំ សប្បាយរីករាយខ្លាំងដែលឃើញកូនក្រុមរបស់ខ្ញុំលេងបានល្អ ពួកយើងសាមគ្គីគ្នា » ។
នៅក្នុងការប្រកួតនោះ ពិសិដ្ឋ ក្នុងនាមជាប្រធានក្រុម បានបង្ហាញពីឆន្ទៈក្នុងការដឹកនាំកូនក្រុមយ៉ាងមានទំនួលខុសត្រូវ ដោយអំឡុងការប្រកួតក្នុងវគ្គទីពីរ រូបគេមានរបួសជើង ហើយរៀបនឹងប្តូរចេញទៅហើយ ប៉ុន្តែនៅបន្តចូលមកបញ្ជាកូនក្រុមរហូតដល់ចប់ការប្រកួត។
ពិសិដ្ឋ និយាយថា៖ « ត្រង់ចំណុចនេះ ខ្ញុំគិតថាពួកយើងកំពុងតែខ្សោយកម្លាំង ប្រសិនអត់ខ្ញុំ ក្រុមយើងអាចនឹងបាត់បង់ស្មារតីតិចតួច អញ្ចឹងហើយទើបខ្ញុំសម្រេចចិត្តចូលលេងវិញ » ។
« កត្តាសំខាន់ដែលជួយឱ្យក្រុមយើង ទទួលបានជ័យជម្នះនេះ គឺព្រោះតែ ពួកយើងសហការគ្នាជាក្រុម មានទំនាក់ទំនងគ្នាល្អលើទីលាន ហើយយើងអត់ខ្លាចនឹងប្រកួតជាមួយក្រុមណាទេ » កីឡាករមកពីខេត្តប៉ៃលិនរូបនេះបញ្ចាក់ ។
គួរឱ្យដឹងថា ឆ្លងកាត់ការប្រកួតទី៥នេះ បឹងកេត ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ឈរពីលើយុវជន KMH ២ពិន្ទុ និងនៅក្រោមក្រុមកំពូលតារាង យុវជនព្រះខ័នរាជស្វាយរៀង ៣ ពិន្ទុ ៕