យុវជនរបស់ក្លិបបាល់ទាត់បឹងកេត ខ្សែការពារ សឿត ណាវ៉ា បានបង្ហាញចំណាប់អារម្មណ៍ខ្លួន ខណៈកំពុងរស់នៅប្រទេសជប៉ុន ចូលរួមកម្មវិធីបាល់ទាត់ JAPAFUN CUP ដែលប្រព្រឹត្តិទៅពីថ្ងៃទី ១៣ ដល់ ២៣ ខែមិថុនា នៅ J-Village, Fukushima ។
ណាវ៉ា៖ « ខ្ញុំគិតថា មកទីនេះគឺមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ខ្ញុំ និងយុវជនទាំងអស់ ព្រោះពួកយើងអាចចែករំលែកនូវបទពិសោធន៍ វប្បធម៌ និងជាពិសេសនោះគឺ ភាសាអង់គ្លេស » ។
ណាវ៉ា ក៏បានបញ្ជាក់អំពីការប្រាស្រ័យទាក់ទងជាមួយមិត្តរួមក្រុមផងដែរថា « ដោយសារនៅទីនេះយើងត្រូវនិយាយអង់គ្លេសទៅកាន់អ្នកដទៃ ហើយកីឡាករមកពីប្រទេសខ្លះមិនសូវចេះអង់គ្លេស ជាហេតុដែលយើងពិបាកក្នុងការទំនាក់ទំនងគ្នា » ។
ក្រៅពីនេះ ចំពោះការស្នាក់នៅ និងទទួលទានអាហារវិញ គឺល្អ ដោយសារតែខាងជប៉ុនគេជាអ្នករៀបចំឱ្យយើងបានល្អ ។
និយាយលាយឡំនឹងអារម្មណ៍តក់ស្លុត យុវជនវ័យ ១៨ឆ្នាំរូបនេះសារភាពថា ខ្លួនភ័យចំពោះការរញ្ជួយដីនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃពុធកន្លងទៅ ដោយនាំគ្នារត់ចេញពីបន្ទប់ និងមានអ្នកខ្លះសុំគ្រូត្រឡប់មកផ្ទះវិញ តែដោយសារអ្នកគ្រប់គ្រងនៅក្នុងតំបន់នោះ អះអាងថា មិនមានការប៉ះពាល់ដល់កន្លែងដែលពួកគេស្នាក់នៅទេ ។
គួរបញ្ជាក់ថា បេសកកម្មរបស់ សឿត ណាវ៉ា នៅទឹកដីជប៉ុន នឹងបន្តរហូតដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩ ដោយនឹងមានការប្រកួត នៅថ្ងៃទី២២ ជាមួយក្រុមយុវជនជប៉ុនTohoku U18 ក្នុងពានមិត្តភាពអន្តរជាតិ Japafun Cup ៕