គ្រូបង្វឹករបស់ក្រុមបាល់ទាត់បឹងកេត លោកគ្រូ ហៅ សុជាតិ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ប្រាប់ក្រុមការងារ boeungketfc.com នាព្រឹកថ្ងៃសុក្រនេះអំពីការត្រៀមខ្លួនប្រកួតសប្តាហ៍ទី១៦ ទល់នឹងក្រុមអង្គរថាយហ្គឺរ នៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ ២០១៩ នៅកីឡដ្ឋានខេមបូឌា អ៊ែរវ៉េ ។
ហៅ សុជាតិ៖ “ ការប្រកួតជាមួយអង្គរថាយហ្គឺរសប្តាហ៍នេះ គឺពួកយើងកំពុងត្រៀមខ្លួនបានល្អ ហើយយើងសង្ឃឹមច្រើន ដោយសារយើងសង្កេតឃើញថាកីឡាករយើងមានការប្រឹងប្រែងខ្លាំង ម្យ៉ាងទៀត យើងលេងនៅផ្ទះខ្លួនឯង វាអាចជាផលវិជ្ជមានមួយសម្រាប់យើង តែយ៉ាងណាក៏ដោយ យើងមិនមើលស្រាលពួកគេទេ ព្រោះយើងដឹងថា អង្គរថាយហ្គឺរឆ្នាំនេះ មិនមែនអង្គរថាយហ្គឺរពីមុនទេ ព្រោះពួកគេរៀបចំក្រុមបានល្អមែនទែន ” ។
លើសពីនេះទៅទៀត គ្រូបង្វឹកដដែលរូបនេះសង្កត់ធ្ងន់ថា៖ “ ចំពោះរឿងដែលយើងមិនបានរបូតគ្រាប់បាល់ពីរប្រកួតមុនក្នុងទឹកដី យើងមិនអាចរក្សាកំណត់ត្រាបានឬមិនបាននោះទេ តែយើងនឹងព្យាយាមធ្វើវាឱ្យអស់ពីសមត្ថភាព ” ។
សូមរំលឹកថា ជំនួបរវាងបឹងកេត ទល់នឹងអង្គរថាយហ្គឺរ កាលពីជើងទី១ គឺបញ្ចប់ទៅដោយលទ្ធផល ១-១ នៅកីឡដ្ឋានស្វាយធំ ខេត្តសៀមរាប។
ការប្រកួតថ្ងៃស្អែកនេះ នឹងចាប់ផ្តើមនៅម៉ោង ៣:៣០នាទីរសៀល ដោយផ្សាយផ្ទាល់លើប៉ុស្តិ៍ BTV News ៕