នៅរសៀលថ្ងៃចន្ទទី២១ ខែសីហា កន្លងទៅនេះ ក្រុមបាល់ទាត់បឹងកេត សហការជាមួយក្រុមហ៊ុនស្រាបៀរកម្ពុជា បានរៀបចំប្រារព្ធធ្វើទិវាបាល់ទាត់នៅខេត្តកំពតខេត្តក្រោមអធិបតីភាព ឯកឧត្តម ចាន់ ចេស្តា អភិបាល នៃគណៈអភិបាល ខេត្តកំពត។
កម្មវិធីបានព្រឹត្តិទៅយ៉ាងរលូនអមជាមួយស្នាមញញឺមប្រកបដោយភាពសប្បាយរីករាយរបស់ប្អូនកុមារ៉ាជាច្រើនដែលបានចូលរួមក្នុងការ
ហ្វឹកហាត់មូលដ្ឋានគ្រឹះនៃបាល់ទាត់ដែលជាការចែករំលែកបទពិសោធន៍នឹងបង្ហាត់បង្ហាញពីសំណាក់កីឡាករអាជីពនឹងក្រុមគ្រូបង្វឹក
នៃក្លិបបាល់ទាត់បឹងកេតផ្ទាល់។
ក្រៅពីធ្វើការបង្ហាត់បង្ហាញពីរបៀបលេងបាល់ទាត់តាមក្បួនខ្នាតបច្ចេកទេសត្រឹមត្រូវដល់ប្អូនៗកុមារ៉ាទាំងនោះ ក្លិបក៏បានធ្វើការប្រកួតមិត្តភាពជាមួយក្រុមជម្រើសខេត្តកំពតផងដែរ ក្នុងគោលបំណងផ្ដល់បទពិសោធន៍ដល់យុវជនទាំងនោះឲ្យខិតខំបង្កើនសម្ថភាពបន្ថែមទៀត ដើម្បីបន្ដវិវឌ្ឍន៍ខ្លួននឹងសម្ថភាពពួកគេឲ្យកាន់តែខ្លាំងក្លា ព្រោះវិស័យកីឡាបាល់ទាត់នៅកម្ពុជាពិតជាចាំបាច់ណាស់ក្នុងការ ស្វែងរកយុវជនដែលមានសម្ថភាព និង ទេព្យកោសលជាច្រើនបន្ថែមទៀតដើម្បីចូលរួមលើកស្ទួយវិស័យនេះឲ្យកាន់តែរីកចំរើននៅថ្ងៃអនាគត។
ឆ្លៀតក្នុងបរិយាកាសដ៏សែនរីករាយនេះដែរវត្តមានរបស់ថ្នាក់ដឹកនាំកំពូលនៃខេត្តដែលមានឯកឧត្តម ចាន់ ចេស្តា នឹងលោកឧកញ៉ា្ញ ស៊ីវ ថា ប្រធានក្លិបបឹងកេត លោកបានចូលរួមប្រកួតផងដែរ ដែលញាំុងឲ្យការប្រកួតមិត្តភាពរវាងក្រុមទាំងពីរកាន់តែទទួលបានភាពសប្បាយរីករាយបន្ថែមទៀត។
យ៉ាងណាក្ដីយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនស្រាបៀរកម្ពុជាដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងសហការរៀបចំកម្មវិធីនេះឡើងយ៉ាងរលូនព្រមទាំងបានផ្ដល់ជូននូវអាវយឺត២៥០អាវ និង មួក២៥០ ដើម្បីចែកជូនដល់កុមារៗ នឹងមហាជនដែលបានចូលរួមទស្សនាក្នុងពិធីនេះ ព្រមទាំងបានជួយផ្គត់ផ្គង់នូវគ្រឿងភេសជ្ជះដល់កម្មវិធីទាំងមូលផងដែរ។
សូមបញ្ជាក់ថា ក្លិប នឹងបន្ដរៀបចំកម្មវិធីនេះជាថ្មីម្ដងទៀតនៅទឹកដីនៃខេត្តកណ្ដាល ថ្ងៃទី ២៦ ខែសីហា នៅទីលានបាល់ទាត់មណ្ឌលកុមារកំព្រារស្រែអំពឹល ស្ថិតនៅភូមិស្រែអំពឹល ឃុំឈេីទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដូច្នេះសូមបងប្អូនមហាជនទាំងអស់អញ្ជើញចូលរួមឲ្យបានច្រើនកុះករ។