លោក ហៅ សុជាតិ គ្រូបង្គោលរបស់យើងបានមានប្រសាសន៍នៅថ្ងៃនេះជុំវិញការត្រៀមខ្លួនរបស់ក្រុមមុនជំនួប លីគកំពូលសប្ដាហ៍ទី៧ ទល់នឹងក្រុមអគ្គីសនីកម្ពុជានាថ្ងៃស្អែកយ៉ាងដូច្នេះថា៖ «យើងបានត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការប្រកួតនេះ បញ្ហារបស់យើងតែមួយគត់នាពេលនេះគឺ កីឡាករសំខាន់ៗរបស់យើងមួយចំនួនរងរបួសដូចជាអ្នកចាំទីជម្រើសទី១ ស៊ូ យ៉ាទី និង ខ្សែការពារ សេដ រ៉ស៊ីប ក្រៅពីនេះគឺ១០០%ទាំងអស់ ចំណែកបញ្ហាទីលានវិញក៏ជាក្ដីកង្វល់របស់ខ្ញុំបន្ដិចដែរ ដ្បិតថាវាជាលើកទី១សម្រាប់យើងក្នុងការប្រកួតលើទីលាននេះ យើងមានពេលតែ៦០នាទីប៉ុណ្ណោះសម្រាប់សមលើទីលាននៅថ្ងៃនេះមុនការប្រកួតមកដល់នៅថ្ងៃស្អែកតែខ្ញុំសង្ឃឹមថាពួកគេ(កូនក្រុមលោក) និងធ្វើបានល្អ។»
ចំពោះកីឡាករជម្រើស១១នាក់វិញអាចនឹងមានការផ្លាស់ប្ដូរខ្លះព្រោះថាកីឡាករមួយចំនួនមានការនឿយហត់ច្រើនដូចជា Julius និង ស៊ុនសុវណ្ណរិទ្ធី សុទ្ធតែបានធ្វើការធ្ងន់សម្រាប់ប្រកួតសប្ដាហ៍កន្លងមកពិសេសក្នុងការប្រកួតទល់នឹងព្រះខ័នរាជស្វាយរៀងកាលពីសប្ដាហ៍មុន ដូច្នេះ ពុំ បារាំងទំនងជាស្ថិតក្នុងជម្រើសដំបូងសម្រាប់ប្រកួតស្អែកនេះខណៈដែល Esoh Omogba អាចនឹងជំនួស Julius Oiboh ។
ក្រោយបញ្ចប់ការប្រកួត៦សប្ដាហ៍កន្លងមកបឹងកេតស្ថិតនៅលំដាប់ទី២ក្នុងតារាងលីគកំពូលកម្ពុជាស្មើពិន្ទុជាមួយ ណាហ្គាវើល មាន១៦ពិន្ទុដូចគ្នា តាមពីក្រោយដោយក្លិប វិសាខា មាន១៣ ពិន្ទុឈរលេង៣។ ហើយនៅថ្ងៃស្អែកបឹងកេតត្រូវជួបប្រកួតជាមួយ អគ្គីសនីកម្ពុជា ការប្រកួតចាប់ផ្ដើមនៅវេលាម៉ោង៣:០០នាទីរសៀល នាកីឡដ្ឋានរបស់ក្រុម អគ្គីសនីមួយនេះដែលមានទីតាំងនៅសាខាអគ្គីសនីម្ដុំទួលសង្កែ។