នៅថ្ងៃនេះក្លិបមានកិត្តិយសនិងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក JEYSING MUTHIAH ដែលរូបលោកជាអ្នកឯកទេសខាងផ្នែកប្រឹក្សាយោបល់របស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី(AFC) លើផ្នែកអាជ្ញាបណ្ណក្លិប។
លោកបានធ្វើដំណើរមកដល់ប្រទេសកម្ពុជានារសៀលនេះ ហើយឆ្លៀតឱកាសអញ្ជើញមកទស្សនកិច្ចនៅការិយាល័យកណ្ដាលរបស់ក្លិប នៅបុរីសាន់វេទួលគោកនឹងបន្ដជួបជជែកពិភាក្សាជាមួយថ្នាក់ដឹកនាំក្លិបជុំវិញដំណើរការលើការចុះឈ្មោះសុំអាជ្ញាបណ្ណក្លិបនៅកម្ពុជា។
លោក JEYSING បានសម្ដែងការកោតសរសើរយ៉ាងខ្លាំងចំពោះ លោកស្រីប្រធាន ពុធ ធីតា ដែលរូបលោកស្រីជា ប្រធានក្លិបស្ត្រីទី១ នៅកម្ពុជាហើយមានមហិច្ចតាខ្ពស់ក្នុងការ រុញច្រានវិស័យបាល់ទាត់នៅកម្ពុជាឲ្យរីកចំរើនជឿនលឿនដូចបណ្ដាប្រទេសជិតខាង។ ក្នុងនោះតាមរយៈក្ដីស្រលាញ់ ឆន្ទៈ ព្រមទាំងទស្សនវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍន៍ក៏ដូចជាទិសដៅរបស់ក្លិបនាពេលនេះលោក JEYSING រំពឹងថា បឹងកេត នឹងក្លាយជាក្លឹបអាជីពយ៉ាងពិតប្រាកដមួយនៅកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។
អាជ្ញាបណ្ណក្លិប (AFC CLUB LICENSING) ជាការធ្វើលក្ខណៈវិនិច្ឆ័យតាមបទដ្ឋានដែលបានកំណត់ដោយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី នឹងតម្រូវឲ្យក្លិបអាជីពនីមួយៗត្រូវបំពេញឲ្យបានត្រឹមត្រូវដើម្បីទទួលបានអាជ្ញាបណ្ណនេះមុនទទួលបានសិទ្ធចូលរួមក្នុងការប្រកួត ពានរង្វាន់ធំៗប្រចាំទ្វីបបានដូចជាពានរង្វាន់ AFC CUP ឬ AFC CHAMPION LEAGUE។