នៅរសៀលថ្ងៃនេះលោកស្រី ពុធ ធីតា និង លោកជំទាវ ឌិត នីតា រួមទាំងសមាជិកថ្នាក់ដឹកនាំក្លិបជាច្រើនរូបទៀតបានអញ្ជើញចូលសួរសុខទុក្ខ និងតាមដានស្ថានភាពរបួសកីឡាករខ្សែការពារ ស្លេះ ស៊េន ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីពេទ្យកាល់ម៉ែត្រ ក្រោយជួបគ្រាះថ្នាក់ចរាចរណ៍កាលពីថ្ងៃអាទិត្យកន្លងទៅ។ រហូតមកទល់ពេលនេះក្រុមគ្រូពេទ្យនៅបន្ដតាមដានស្ថានភាពរបួសកីឡាកររូបនេះនៅឡើយ ព្រោះតាមការពិនិត្យចុងក្រោយកាលពីម្សិលមិញបានបង្ហាញថាមានឈាមកកនៅផ្នែកខ្លះហើយអាចឈានទៅដល់ការវះកាត់។ តែយ៉ាងណាមិញលោកស្រីប្រធានបានមានប្រសាសន៍ថា ក្លិបនឹងទទួលបន្ទុកទាំងស្រុងរាល់ការចំនាយផ្សេងៗក្នុងការព្យាបាលរហូតដល់កីឡាករជាសះស្បើយ។
គួរបញ្ជាក់ថាស្លេះ ស៊េន ត្រូវសម្រាកយ៉ាងហោចណាស់ ៦ទៅ៨ សប្ដាហ៍ទើបអាចវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញបាននេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រុមគ្រូពេទ្យនៅព្រឹកនេះ។ ខ្សែការពារស្លាបរូបនេះបានទទួលរងគ្រោះថ្នាក់ចរាចរណ៍កាលពីព្រលប់ថ្ងៃអាទិត្យកន្លងទៅនៅឯស្រុកកំណើតម្ដុំសាលាលេខ៥ ដែលបណ្ដាលឲ្យរងរបួសបែកក្បាលហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅឯស្រុកកំណើត។សូមជូនពរឲ្យ ស្លេះ ស៊េន ឆាប់ជាសះស្បើយហើយវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញ។