អ្នកចាំទីដៃទី១របស់យើង គឹម មករា អាចនឹងត្រូវសម្រាកព្យាបាលរហូតដល់ទៅ មួយ(០១) រដូវកាល ក្រោយទទួលរងរបួស ដាច់សរសៃជង្គង់ខាងស្តាំ(ACL) ក្នុងអំឡុងពេលហ្វឹកហាត់នាពេលកន្លងមក។
ក្រោយត្រឡប់ពីពិនិត្យស្ថានភាពរបួសនៅឯប្រទេសវៀតណាមកាលពីដើមខែធ្នូកន្លងទៅ មករា នឹងត្រូវបន្តធ្វើការវះកាត់ព្យាបាលរបួសនេះក្នុងអំឡុងចុងខែមករា ខាងមុខ ។
មករា ៖ « ខ្ញុំពិតជាសោកស្តាយបំផុត ព្រោះគ្រាន់តែជាការហ្វឹកហាត់ មិនគួរណាដល់ថ្នាក់ដាច់សរសៃអញ្ចឹងសោះ » ។
« ម្យ៉ាងវិញទៀត នៅរដូវកាលថ្មីខាងមុខនេះ នឹងមានការប្រកួតប្រជែងខ្លាំងជាងមុន ដល់ពេលមានរឿងនេះកើតឡើង ខ្ញុំពិបាកចិត្តដែលមិនអាចជួយក្លិបបាន » អ្នកចាំទីរូបនេះបន្ថែម ។
ជុំវិញបញ្ហារបួសនេះផងដែរ គ្រូបង្វឹករបស់យើង លោក ហៅ សុជាតិ ក៏បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអវត្តមានរបស់ គឹម មករា ព្រោះតែបច្ចុប្បន្ននេះក្រុមកំពុងតែខ្វះខាតអ្នកចាំទី ។
ហៅ សុជាតិ ៖ « ស្ថានភាពជម្ងឺគាត់គឺត្រូវវះកាត់ អញ្ចឹងបានន័យថាពេញមួយរដូវកាល២០១៩នេះ ប្រហែលគាត់មិនអាចជួយក្រុមបានទេ។ បញ្ហានេះពួកយើងក៏កំពុងស្វែងរកអ្នកចាំទីថ្មីផងដែរ ព្រោះកីឡាករដែលអាចយកមកជំនួសគាត់ បាន គឺពិបាកនឹងរក » ។
ក្លិបបឹងកេត សូមជូនពរឱ្យអ្នកចាំទី គឹម មករា ទទួលបានជោគជ័យក្នុងការវះកាត់ និងឆាប់ជាសះស្បើយ ដើម្បីចូលរួមជួយក្លិបវិញនាពេលខាងមុខ ៕