ក្នុងការធ្វើតេស្តជ្រើសរើសយុវជនថ្នាលក្រោមអាយុ១៧ឆ្នាំរបស់ក្លិបបាល់ទាត់បឹងកេត ក្នុងរយៈពេល ០២ថ្ងៃ កន្លងទៅនេះ គឺថ្ងៃទី ៥ និង ទី ៦ ខែ មករា មានប្អូនៗជិត២០០រូបបានមកចូលរួមដោយពួកគេមួយចំនួនបានធ្វើដំណើរមកពីខេត្តផ្សេងៗចំនួន ១៧ ខេត្តក្រុង។
ជាមួយគ្នានោះផងដែរ យើងក៏បានធ្វើបទសម្ភាសន៍សាកសួរទៅកាន់ប្អូនៗមួយចំនួនតំណាងឱ្យខេត្តរបស់ពួកគេរៀងៗខ្លួន ដោយផ្តើមចេញពីប្អូនៗធ្វើដំណើរមកពីខេត្តព្រះវិហារ គឺ វ៉ា តារា ណាយ ឆេងប៉ាវ និង ហេង ពិជ្រ ។
តំណាងរបស់ប្អូនទាំងបីបានបង្ហាញអារម្មណ៍ថា៖ « ខ្ញុំស្រលាញ់បាល់ទាត់តាំងពីក្មេង អញ្ចឹងក្លិបណាដែលមានឱកាសខ្ញុំអាចមកធ្វើតេស្តបាន ហើយម្យ៉ាងវិញទៀត បឹងកេតគឺជាក្លិបដែលខ្ញុំស្រលាញ់ ហើយខ្ញុំជឿជាក់ថានឹងទទួលបានបទពិសោធន៍បន្ថែមទៀតពីក្លិប » ។
រីចំណែកឯប្អូនៗមកពីខេត្តកំពង់ចាមវិញ ពួកគេក៏បានបង្ហាញពីអារម្មណ៍អំពីការធ្វើតេស្តថ្ងៃដំបូងផងដែរ៖ « ខ្ញុំសប្បាយចិត្ត ព្រោះបានប៉ះជាមួយគេខ្លាំងៗ ប៉ុន្តែមានសង្ឃឹមតិចតួច ព្រោះតែកីឡាករគេខ្លាំងៗជាង » ។
ប្អូនប្រុស សាញ់ សុជាតិ មកពីខេត្តសៀមរាប៖ « ខ្ញុំមានអារម្មណ៍ថាសប្បាយ ព្រោះបានស្គាល់មិត្តភក្តិថ្មីៗច្រើន ហើយបានលេងជាក្រុមជាមួយពួកគេ » ។
ប្អូនប្រុស រុន បញ្ញា មកពីខេត្តព្រៃវែង៖ « មូលហេតុដែលខ្ញុំមកចុះឈ្មោះធ្វើតេស្តនៅបឹងកេតព្រោះខ្ញុំស្រលាញ់និងចូលចិត្តក្លិបមួយនេះ ហើយដើម្បីទទួលបានបទពិសោធន៍ពីក្លិបអាជីពដ៏ធំមួយនៅកម្ពុជា » ។
ប្អូនប្រុស ស៊ង ស៊ីណាត និង ស៊ុយ វណ្ណៈ ដែលមកពីខេត្តបាត់ដំបង វិញបានរៀបរាប់ថា ពួកប្អូនបានធ្វើដំណើរមកពីខេត្តបាត់ដំបងមកជួលបន្ទប់ស្នាក់នៅតែ ២នាក់ប៉ុណ្ណោះដោយមិនស្គាល់នរណាម្នាក់ឡើយ។ មូលហេតុដែលប្អូនជំនះនូវឧបសគ្គទាំងនេះគឺ ដោយសារតែស្រលាញ់ក្លិបយូរមកហើយ។
សូមបញ្ជាក់ថាក្រោយការធ្វើតេស្តអស់រយៈពេល០២ថ្ងៃកន្លងមកនេះ ក្លិបយើងបានជ្រើសរើសបានយុវជនជាច្រើនដែលនឹងត្រូវបញ្ចូលទៅក្នុងយុវជនថ្នាលរបស់ក្លិបក្រោមអាយុ ១៧ឆ្នាំ ។
ពួកយើងនឹងប្រកាសអំពីលទ្ធផលផ្លូវការនៃការធ្វើតេស្តនេះនៅថ្ងៃ អង្គារ៍ ទី ៨ ខែ មករា ឆ្នាំ ២០១៩ ៕