ក្នុងពេលដែលការត្រៀមខ្លួនមុនរដូវកាលថ្មីនៃក្របខ័ណ្ឌលីគកំពូលកម្ពុជាចូលមកដល់ ក្រុមបាល់ទាត់បឹងកេតបានធ្វើការត្រៀមខ្លួនយ៉ាងយកចិត្តទុកដាក់ទាំងការប្រមូលផ្តុំកីឡាករ និងប្រកួតមិត្តភាពកម្តៅសាច់ដុំមួយចំនួនផងដែរ។
គ្រូបង្វឹករបស់យើង ហៅ សុជាតិ បានបង្ហាញចំណាប់អាម្មណ៍ជុំវិញការប្រកួតមិត្តភាពកន្លងមកពាក់ព័ន្ធនឹងការរៀបចំក្រុម។
ហៅ សុជាតិ៖ « មកដល់ពេលនេះ ឆ្លងកាត់ការប្រកួតមិត្តភាពកន្លងមកយើងសង្កេតឃើញថា យើងនៅមានចន្លោះខ្វះខាតច្រើន ទាំងការពារ និង ប្រយុទ្ឋដោយសារកីឡាករមួយចំនួន មិនទាន់យល់ពីទំរង់លេង ហើយមកដល់ពេលនេះយើងពេលឃើញការយល់ចិត្តគ្នា រវាងកីឡាករថ្មី និងកីឡករចាស់ៗ បាន ៦០ ទៅ ៧០ភាគរយហើយ » ។
អំពីថាតើក្លិបក្នុងលីគដែលបឹងកេតលេងជាមួយមានកម្រិតបែបណា?
ហៅ សុជាតិ៖ « យើងមើលទៅក្លិបមួយចំនួន ដែលយើងបានប្រកួតមិត្តភាពជាមួយគឺការរៀបចំរបស់ពួកគាត់ មានការរីកចំរើនជាងមុនច្រើន ហើយចំពោះក្លិបមួយចំនួនដែលក្នុងពេល Pre-season ចេញទៅលេងនៅក្រៅប្រទេស គឺវាជាចំនុចល្អមួយដែរសំរាប់ពួកគាត់ ហើយមកដល់ពេលនេះ យើងមិនទាន់អាចនិយាយបានទេថា តើការប្រកួតប្រជែងវានឹងទៅជាយ៉ាងណា ដោយសារយើងមិនទាន់ដឹងពីសមត្ថភាពក្លិបមួយចំនួនច្បាស់នៅឡើយ តែអ្វីដែរសំខាន់គឺយើងត្រូវតែរៀបចំក្លិបរបស់យើងឱ្យបានល្អជាងឆ្នាំមុន » ។
សូមជម្រាបជូនផងដែរថាកន្លងមកក្លិបរបស់យើងបានប្រកួតមិត្តភាពកម្តៅសាច់ដុំសមជើង ចំនួន ៥ប្រកួតហើយ ក្នុងនោះ ស្មើជាមួយអគ្គិសនីកម្ពុជា ១-១ ឈ្នះអង្គរថាយហ្គឺរ ៣-២ ឈ្នះ ក្រសួងការពារជាតិ ២-១ ចាញ់ គិរីវង់សុខសែនជ័យ ៣-៤ និង ស្មើ អាស៊ីអឺរ៉ុប ១-១ ៕