កាលពីរសៀលថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ ម្សិលមិញនេះ ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៧ឆ្នាំរបស់ក្លិបបឹងកេតបានចាប់ផ្តើមធ្វើការហ្វឹកហាត់ផ្លូវការជាមួយគ្រូបង្វឹក OLOYEDE IDOWU ADEGOKE នៅទីលានបាល់ទាត់ LBN ជ្រោយចង្វារ។
ក្នុងការហ្វឹកហាត់លើកដំបូងនេះគឺជាពេលវេលាដែលកីឡាករទាំងអស់បានស្វែងយល់អំពីគ្នា បង្កើតចំណងមិត្តភាពទៅវិញទៅមក ខណៈដែលក្រុមគ្រូបង្វឹកក៏បានបង្ហាត់បង្ហាញអំពីការរៀបចំប្រព័ន្ធលេង និងបច្ចេកទេសសំខាន់ៗមួយចំនួនផងដែរ ។
ក្រោយបញ្ចប់ការហ្វឹកហាត់ថ្ងៃដំបូងនេះ លោក OLOYEDE ជាគ្រូបង្វឹកបាននិយាយថា៖ « ថ្ងៃដំបូងគឺជាបទពិសោធន៍ថ្មីសម្រាប់ខ្ញុំ ។ យើងមានយុវជនមានទេពកោសល្យជាច្រើន ដែលបានរើសចេញពីការធ្វើតេស្តសមត្ថភាពកន្លងមក ។ » ។
គួររំលឹកថា ក្រុមយុវជនក្រោមអាយុ ១៧ឆ្នាំរបស់បឹងកេត នឹងចាប់ផ្តើមការប្រកួតផ្លូវការលើកដំបូង ក្នុងពានរង្វាន់ KMH U18 League 2019 នៅថ្ងៃទី ១២ ខែ មករានេះ ទល់នឹងក្រុមយុវជនអាយុក្រោម១៨ឆ្នាំរបស់ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៤រសៀល នៅទីលានបាល់ទាត់ KMH ៕