កាលពីថ្ងៃអាទិត្យ ទី ២៧ ខែ មករា ឆ្នាំ ២០១៩ កន្លងទៅនេះក្រុមបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំរបស់ក្លិបបឹងកេត បានប្រកួតឈ្នះក្រុមយុវជនកាហ្វេ ដោយលទ្ធផល ២ ទល់នឹង ១ ក្នុងសប្តាហ៍ទី៣ នៃការប្រកួតពានរង្វាន់ KMH Cup 2019 ។
បង្ហាញចំណាប់អារម្មណ៍ចំពោះលទ្ធផលឈ្នះនេះ លោកគ្រូ ឈុន សុធារ័ត្ន បានឱ្យដឹងថា ៖ « កីឡាកររបស់យើងធ្វើបានល្អនៅវគ្គទីមួយ ហើយវគ្គទីពីរដោយសារបាត់បង់ការប្រមូលអារម្មណ៍បន្តិច ធ្វើឱ្យគូប្រកួតរកបាន ១គ្រាប់វិញ » ។
សរុបលទ្ធផលនៃការប្រកួតទាំង ០៣សប្តាហ៍កន្លងមក ជាមួយនឹងការរៀបចំក្រុមក្នុងរយៈពេលដ៏ខ្លី គ្រូបង្វឹករូបនេះបន្ថែមថា៖ « ពិតកោតសរសើរដល់ការខំប្រឹងហ្វឹកហាត់របស់ពួកគេ ដែលព្យាយាមធ្វើតាមអ្វីដែលគ្រូៗបង្ហាត់បង្ហាញ ប៉ុន្តែបាល់ទាត់ គឺត្រូវការរយៈពេលយូរដើម្បីអាចយល់ចិត្តគ្នាបានល្អ ហើយយើងនៅមានចន្លោះខ្វះខាតច្រើនដែលត្រូវបំពេញបន្ថែម » ។
សូមបញ្ជាក់ថា យុវជនបឹងកេត បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ប្រកួត ៣លើក ឈ្នះ ២ និងចាញ់ ១ មាន ៦ពិន្ទុ ស្មើជាមួយភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង និងវិសាខា ដែលនៅកំពូលតារាង ។
សម្រាប់កាលវិភាគក្នុងសប្តាហ៍ទី ៤ ជាបន្តទៀត យុវជនរបស់យើងនឹងត្រូវប្រឈមមុខនឹងក្រុមយុវជន វិសាខា នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ៧យប់ នាទីលាន KMH ៕