រសៀលថ្ងៃសុក្រទី១៥ខែកុម្ភៈឆ្នាំ២០១៩ ក្លិបបាល់ទាត់បឹងកេត បានរៀបចំពិធីបើករដូវកាលថ្មីឆ្នាំ២០១៩យ៉ាងអធិកអធមប្រកបដោយបរិយាកាសរីករាយក្រៃលែងនៅសាល3F នៃផ្សារទំនើប Aeon Mall Sen Sok ពីម៉ោង៣រសៀលរហូតដល់ម៉ោង៦ល្ងាច។
ពិធីនេះមានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានកិត្តយសរបស់ក្លិប ព្រមទាំងលោកលោកជំទាវ ឌិត នីតា លោកស្រីប្រធានក្លិប ពុធ ធីតា, លោកអនុប្រធានក្លិប Ratchakit Vasunan, លោក ហូ សិទ្ធីវ័ន្ត, អ្នកចាត់ការទូទៅ បែ មករា, គ្រូបង្វឹក, កីឡាករ, បុគ្គលិកគ្រប់ផ្នែករបស់ក្លិបបាល់ទាត់បឹងកេត នៅពីមុខវត្តមានយ៉ាងច្រើនកុះករពីសំណាក់អ្នកសារព័ត៌មានមកពីច្រើនស្ថាប័នផ្សេងគ្នានិងអ្នកគាំទ្រក្លិបបឹងកេត។
ពិធីបើករដូវកាលថ្មីឆ្នាំ២០១៩ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសមិទ្ធផលដែលក្លិបទទួលបានក្នុងរដូវកាលចាស់ទាំងក្នុងក្របខ័ណ្ឌខេមបូឌានលីគនិងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងការត្រៀមលក្ខណៈសម្រាប់រដូវកាលថ្មីដែលនឹងចាប់ផ្ដើមនៅខែមីនាខាងមុខ ព្រមជាមួយការប្រគល់ពានរង្វាន់ប្រចាំឆ្នាំជាច្រើនប្រភេទដល់កីឡាករនិងអ្នកគាំទ្ររបស់ក្លិបបាល់ទាត់បឹងកេត រួមទាំងការថ្លែងអំណរគុណដល់ក្រុមហ៊ុនឧបត្ថម្ភក្នុងរដូវកាលចាស់របស់ក្លិប អមដោយរបាំជូនពរនិងបទចម្រៀងពីតារាចម្រៀងដែលជាកីឡាករក្លិប ដូចជា Shutter និង Jane ជាដលើម ដែលបានញ៉ាំងពិធីឱ្យកាន់តែរំភើបថែមមួយកម្រិតទៀត។
នៅក្នុងពិធីដ៏មហោឡារិកនេះ ក្លិបបាល់ទាត់បឹងកេតបានប្រគល់ពានរង្វាន់កីឡាករស្មោះស្ម័គ្រនឹងក្លិបជាងគេ ទៅដល់កីឡាករ ទូច បញ្ចរ៉ុង និង លី មីហ្សាន់, គ្រាប់បាល់ស្អាតជាងគេប្រចាំរដូវកាល ទៅដល់កីឡាករ ម៉ាត់ យ៉ាម៉ីន និងអ្នកគាំទ្រឆ្នើមប្រចាំរដូវកាលចំនួន ០៦រូបផងដែរ។
ទន្ទឹមនឹងនេះ ក្លិបបាល់ទាត់បឹងកេត បានធ្វើសន្និសីទចុះកិច្ចសន្យានិងប្រកាសជាផ្លូវការជាមួយក្រុមហ៊ុនឧបត្ថម្ភរដូវកាលថ្មីរបស់ក្លិបគឺក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ (Cambodia Airways)។
ឯកសណ្ឋានរដូវកាលថ្មីរបស់ក្លិបចំនួន៣ឈុត គឺពណ៌ ស(ឈុតក្នុងទឹកដី) ពណ៌ខៀវ(ឈុតក្រៅទឹកដី) និងពណ៌ក្រហម(ជាឈុតទី៣) ផលិតដោយក្រុមហ៊ុន FBT និងសមាជិកថ្មីនានារបស់ក្លិបទាំងកីឡាករក្នុងស្រុកនិងបរទេសក៏ត្រូវបានធ្វើពិធីបង្ហាញក្នុងថ្ងៃនេះដែរ។
សម្រាប់សមាសភាពកីឡាករបរទេសថ្មីៗរបស់ក្លិបបាល់ទាត់បឹងកេតក្នុងឆ្នាំ២០១៩នេះ មានកីឡាករប្រេស៊ីល Purccino Luiz Eduardo, កីឡាករអេស្ប៉ាញ Carasscosa Munos Angel ខណៈកីឡាករជប៉ុន Mizuno Hikaru កីឡាករ នីហ្សេរីយ៉ា Gbenga Ajayi Samuel និង Julius Oiboh ក៏បន្តនៅជាមួយបឹងកេត បន្ទាប់ពីបានចូលរួមក្នុងឆ្នាំ២០១៥ និង ២០១៦មក៕