កាលពីរាត្រីថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ បានបន្តការប្រកួតក្នុងសប្តាហ៍ទី៥ នៅពានរង្វាន់ KMH CUP 2019 ទល់នឹងក្រុមយុវជនភ្នំពេញក្រោនអាយុក្រោម១៧ឆ្នាំ នៅទីលានបាល់ទាត់ KMH ។
របាយការណ៍ការប្រកួត៖
ក្នុងការប្រកួត នៅវគ្គទីមួយ ក្រុមយុវជនរបស់យើងបានបើកការប្រយុទ្ធ និងសហការគ្នាយ៉ាងល្អដោយបង្កើតការគ្រប់គ្រងនៅតំបន់គ្រោះថ្នាក់របស់ភ្នំពេញក្រោនជារឿយៗ។
នាទី ២៩ ការទីលានបាល់ទាត់ KMH បានដាច់ចរន្តអគ្គិសនី ជាហេតុធ្វើឱ្យការប្រកួតពន្យាពេលប្រមាណ៥នាទី ។
នៅនាទី ៤៤ ជិតចប់វគ្គទីមួយ ខ្សែបម្រើកណ្តាល ហ៊ត ឈិនជិន បានបញ្ជូនបាល់យ៉ាងល្អទៅឱ្យមិត្តរួមក្រុម នី បញ្ញា ទាត់បញ្ចូលទី ១ ទល់នឹង ០។
លុះចូលដល់វគ្គទីពីរ ការសហការជាក្រុមនៅតែល្អ បើទោះបីជាកម្លាំងរបស់ពួកយើងថមថយចុះក៏ពិតមែន ប៉ុន្តែយុវជនរបស់យើងនៅតែមានឆន្ទៈប្រកួត៥រហូតដល់នាទីចុងក្រោយ។
សម្លេងកញ្ចែបន្លឺឡើង ការប្រកួតក៏បានបញ្ចប់ ហើយក្រុមយុវជនរបស់យើងសម្តែងភាពរីករាយចំពោះជ័យជម្នះលើកទី៣ ក្នុងសប្តាហ៍ទី៥នេះ។
កីឡាករ ១១នាក់ដំបូង៖
អ្នកចាំទី ទូច ម៉ាណាន់ ខ្សែការពារ យូ មេសា, ម៉ុន ពេជ, ស្រ៊ុន សេងហុង, កាយ ហេងលី, ស្រ៊ី ពិសិដ្ឋ (C), ម៉ូហ៉ាម៉ាត់ អារីហ្វីន, នី បញ្ញា, ហ៊ត ឈិនជិន ខ្សែប្រយុទ្ធ ជឿន ពិសាខបូរមី, ទីន សលីហ៊ិន ។
គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួត ៥លើកកន្លងមក ក្រុមយុវជនរបស់យើង បានចាញ់យុវជនព្រះខ័នរាជស្វាយរៀង ៥-០ ក្រោយមកឈ្នះអគ្គិសនីកម្ពុជា ២-១ ឈ្នះយុវជនកាហ្វេ ៣-២ និងចាញ់យុវជនវិសាខា ១-០ មុនឈ្នះយុវជនភ្នំពេញក្រោន ១-០ ចុងក្រោយនេះ។
ពួកយើងនៅតែបន្តឈរចំណាត់ថ្នាក់លេខ៤ដដែល ដោយមាន ៩ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងយុវជនព្រះខ័នរាជស្វាយរៀង ៣ពិន្ទុ។
សម្រាប់កាលវិភាគប្រកួតសប្តាហ៍ទី៦ គឺយើងនឹងត្រូវជួបជាមួយក្រុមយុវជន KMH អាយុក្រោម១៨ឆ្នាំ ដែលជាប្រកួតបញ្ចប់ជុំទីមួយ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩៕