នៅក្នុងការប្រកួតបើកឆាកនៃពានរង្វាន់ AFF U-22 Championship 2019 កាលពីរាត្រីថ្ងៃច័ន្ទ ទី១៨ ខែ កុម្ភៈ ម្សិលមិញ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំបានប្រកួតឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម ២៣ឆ្នាំ ដោយលទ្ធផល ១-០។
គ្រាប់បាល់តែមួយគ្រាប់នោះ ទាត់បញ្ចូលទីបានសម្រេចដោយកីឡាករបឹងកេត គឺ សេត រ៉ស៊ីប នៅនាទី ៦២ ដែលជាការទាត់បាល់ពិន័យពីចម្ងាយ ។
រ៉ស៊ីប បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចំពោះការរកគ្រាប់បាល់នោះថា៖ « ដំបូងខ្ញុំគិតថាចង់លើកបាល់ចូលប្រអប់ប៉ុណ្ណោះ តែពេលនោះខ្ញុំឃើញអ្នកចាំទីរបស់គេឡើងមកលើ ខ្ញុំក៏ទាត់សម្តៅទៅបង្គោលទីពីរតែម្តង » ។
« ខ្ញុំសប្បាយចិត្ត សប្បាយខ្លាំង ព្រោះវាគឺជាគ្រាប់ដំបូងរបស់ខ្ញុំនៅក្រុមជម្រើសជាតិ U22 » ។
គួររំលឹកថា កីឡាកររបស់បឹងកេត ០៣រូប ត្រូវបានជ្រើសចូលបញ្ជីកីឡាករប្រកួត ១១រូបដំបូង គឺ ខ្សែការពារ សេត រ៉ស៊ីប ខ្សែការពារ លី វ៉ាហេទ និង អ្នកចាំទី ហ៊ុល គីមហ៊ុយ ហើយអ្នកទាំងបីលេងបាន ៩០នាទីពេញក្នុងការប្រកួតបើកឆាកនេះ ខណៈដែលកីឡាករ ០១រូបទៀតរបស់យើង ទេស សម្បត្តិ ស្ថិតក្នុងបញ្ជីកីឡាករបម្រុង ៕