ខ្សែការពារនៃក្រុមជម្រើសជាតិកម្ពុជា (ក្រុមធំ) កីឡាករ ហុង ផេង បានកោតសសើរចំពោះការលេងរបស់ក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ក្នុងពានរង្វាន់ AFF U-22 Championship 2019 ដែលបច្ចុប្បន្នបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កីឡាកររបស់ក្លិបបឹងកេតរូបនេះបាននិយាយថា៖ « ឆ្លងកាត់ការប្រកួតកន្លងមក ខ្ញុំឃើញថាកីឡាករក្មេងៗរបស់យើងពិតជាលេងបានល្អ លេងជាក្រុម ហើយរាល់ពេលបាត់បាល់ គឺតែងតែព្យាយាមក្នុងការការពារប្រជែងយកបាល់មកវិញ » ។
« ខ្ញុំជឿជាក់ថាពួកគេនឹងធ្វើបានល្អបន្តទៀតក្នុងការប្រកួតល្ងាចនេះទល់នឹងក្រុមថៃ ដែលជាក្រុមខ្លាំង » ហុង ផេង និយាយបន្ត។
គួរបញ្ជាក់ថា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ មានការប្រកួត ២គូរ គឺ វៀតណាម ប្រកួតទល់នឹងឥណ្ឌូនេស៊ី ម៉ោង ៣ និង ៣០នាទីរសៀល រីឯ កម្ពុជា ជួប ថៃ វេលាម៉ោង ៦ និង ៣០នាទីល្ងាចនៅពហុកីឡដ្ឋានជាតិ។
ជូនពរដល់ក្រុមយុវជនជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ទទួលបានជោគជ័យក្នងការប្រកួតល្ងាចនេះ ៕