ក្រោយការប្រកួតជុំទីមួយនៅក្នុងពានរង្វាន់ KMH CUP 2019 បានបញ្ចប់ទៅ ពេលនេះការប្រកួតជុំទីពីរ នឹងបន្តចាប់ផ្តើមពីថ្ងៃសៅរ៍ស្អែកនេះតទៀតហើយ ដោយក្រុមយុវជនបឹងកេត អាយុក្រោម ១៨ឆ្នាំ នឹងបន្តត្រឡប់ទៅជួបក្រុមយុវជនព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៧យប់ នៅកីឡដ្ឋាន KMH ដែលជាការប្រកួតក្នុងសប្តាហ៍ទី៧។
មានចំណាប់អារម្មណ៍ចំពោះការប្រកួតដ៏សំខាន់នោះ គ្រូបង្វឹកយុវជនរបស់យើង លោកគ្រូ ឈុន សុធារ័ត្ន បាននិយាយថា៖ « គិតមកទល់ពេលនេះ យើងបានហ្វឹកហាត់ជុំគ្នារយៈពេល ២ខែ អញ្ចឹងជំនួបជាមួយស្វាយរៀង ក្នុងជុំទីពីរនេះ យើងសង្ឃឹមថាយើងនឹងធ្វើបានល្អ »។
« យើងសង្ឃឹមថាយើងនឹងដណ្តើមបាន ៣ពិន្ទុនៅសប្តាហ៍ហ្នឹង ព្រោះយើងតែងតែដាក់ពាក្យថា ឈ្នះ នៅក្នុងចិត្តយើងទាំងអស់គ្នា » ។
គួររំលឹកថា ក្រុមយុវជនយើងបានរងបរាជ័យទល់នឹងព្រះខ័នរាជស្វាយរៀង ៥-០ កាលពីប្រកួតបើកឆាកនៃពានរង្វាន់ ស្របពេលដែលបច្ចុប្បន្ន ពួកយើងកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣ តាមពីក្រោយពួកគេ ៣ពិន្ទុ ៕