នៅក្នុងបេសកកម្មបោះជំរុំហ្វឹកហាត់រយៈពេល ៤ថ្ងៃរបស់ក្លិបបាល់ទាត់បឹងកេត បានឈានដល់ថ្ងៃបញ្ចប់ហើយ ពោលគឺពួកយើងនឹងធ្វើដំណើរត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ ២០១៩នេះ។
គ្រូបង្វឹករបស់យើង ហៅ សុជាតិ បានវាយតម្លៃការមកបោះជំរុំហ្វឹកហាត់នៅខេត្តកែបថា៖ « ការផ្លាស់ប្តូរបរិយាកាស ពីភ្នំពេញ មកទីនេះ គឺយើងឃើញថា ល្អមែនទែន ព្រោះកីឡាករយើងបានទទួលនូវអារម្មណ៍ថ្មី និងស្រស់ស្រាយជាមួយទេសភាពសមុទ្រជាដើម » ។
គួររំលឹកថាតាមការគ្រោងទុក គឺយើងនឹងត្រូវធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំ ១ប្រកួតក្នុងថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែដោយសារតែទីលានបាល់ទាត់ខេត្តកំពតជាប់រវល់ជាមួយនឹងការប្រកួតផ្សេងទៀត ទើបពួកយើងសម្រេចលុបចោលការប្រកួតនោះ ។
« វាប៉ះពាល់ដល់ការត្រៀមខ្លួនរបស់យើង ប៉ុន្តែមិនជាបញ្ហាធំនោះទេ ព្រោះយើងក៏បានបន្ថែមនូវការហ្វឹកហាត់យ៉ាងខ្លាំងសម្រាប់កីឡាកររបស់យើង មុនត្រឡប់ទៅភ្នំពេញវិញ » ជាការបន្ថែមរបស់គ្រូបង្វឹក ជុំវិញការលុបចោលប្រកួតមិត្តភាព ។
គាត់ក៏បានសារភាពថា « ជារឿងនឹកស្មានមិនដល់ថាមានកុមារ និងក្មេងៗជាច្រើនមកទស្សនាការហ្វឹកហាត់របស់យើង ព្រោះទីតាំងហ្វឹកហាត់គឺនៅក្នុងស្រុកមួយក្នុងខេត្តកំពតដែលជិតទៅនឹងខេត្តកែប ហើយមិនរំពឹងថាមានអ្នកមកមើលការហ្វឹកហាត់របស់យើងច្រើនបែបនេះ »។
សូមបញ្ជាក់ថា ក្រោយចប់បេសកកម្មបោះជំរុំហ្វឹកហាត់នេះ ពួកយើងនឹងមានការប្រកួតមិត្តភាពកម្តៅសាច់ដុំ ជាមួយក្រុមយុវជនសាលាបាល់ទាត់ជាតិអាយុក្រោម ១៨ឆ្នាំ នៅទីលានសាលាបាល់ទាត់បាទី នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ វេលាម៉ោង ៣ និង ៣០នាទីរសៀល ៕