កីឡាករ ដែលមានស្រុកកំណើតពីខេត្តកំពង់ឆ្នាំង លី ម៉ាឯល ដែលបានមកចូលរួមជាមួយនឹងយុវជនអាយុក្រោម១៨ឆ្នាំរបស់ក្លិបបឹងកេត បានបង្ហាញមហិច្ឆតា និងចំណុចវិជ្ជមានជាច្រើនអំពីអនាគតរបស់ខ្លួន។
ចំពោះកិច្ចសម្ភាសន៍ជាមួយក្រុមការងារព័ត៌មានក្លិប ម៉ាឯល បានបង្ហាញចំណាប់អារម្មណ៍ថា៖ « ខ្ញុំមានអារម្មណ៍សប្បាយ ហើយក្នុងរយៈពេលដ៏ខ្លីជាមួយក្លិប ខ្ញុំគិតថាខ្លួនឯងរីកចំរើនជាងមុន បើនិយាយពីទំនាក់ទំនងជាមួយមិត្តភក្តិ គឺប្រសើរឡើងច្រើន » ។
គួររំលឹកថា ក្នុងការបង្ហាញខ្លួនលើកដំបូងឱ្យយុវជនបឹងកេត ក្នុងពានរង្វាន់ KMH Cup 2019 កាលពីសប្តាហ៍កន្លងទៅនេះ ម៉ាឯល បានរកគ្រាប់ជ័យជម្នះលើក្រុមយុវជនព្រះខ័នរាជស្វាយរៀង ២ ទល់នឹង ១ ដែលជាជ័យជម្នះដ៏មានសារៈសំខាន់បំផុត។
ជាមួយទំនុកចិត្តខ្ពស់ លី ម៉ាឯល បង្ហើបអំពីមហិច្ឆតារបស់ខ្លួនថា៖ « ខ្ញុំ នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យខ្លាំង ដើម្បីប្រជែងយកកៅអី ១១នាក់ដំបូង ហើយនឹងសហការជាមួយមិត្តរួមក្រុម ជួយឱ្យយុវជនបឹងកេត ឈ្នះពានរង្វាន់ KMH ឱ្យបានក្នុងឆ្នាំនេះ » ។
សូមជម្រាបថា នៅក្នុងរាត្រីថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០១៩នេះ យុវជនបឹងកេត នឹងបន្តការប្រកួតសប្តាហ៍ទី៨ ជាមួយយុវជនអគ្គិសនីកម្ពុជា វេលាម៉ោង ៧យប់ នៅទីលាន KMH ៕
លទ្ធផលជួបគ្នាកាលពីជើងទីមួយ៖ យុវជនបឹងកេត ៣-១ យុវជនអគ្គិសនីកម្ពុជា