កាលពីថ្ងៃច័ន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំឡើងនូវមហាសន្និបាត លើកទី១៣ ដោយមានកម្មវិធីសំខាន់ៗជាច្រើនបានធ្វើឡើង។
មានការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិ ចំនួន២ (ពីរ)រូប សម្រាប់អាណត្តិ ឆ្នាំ២០១៩-២០២៣ ដែលមានបេក្ខជនចំនួន ០៥រូបឈរឈ្មោះ ដូចជា៖ ឯកឧត្តម អ៊ុក សិទ្ធិជាតិ លោកស្រី ពុធ ធីតា លោក ខៀវ ចិន្តាវ័ន្ត លោក ហុក សុចិត្រា លោក អៀង សាក់នីដា លោក ចាប សុខម៉េង ។
លោកស្រី ពុធ ធីតា ដែលជាប្រធានក្លិបបឹងកេតរបស់យើង បានជាប់ឈ្មោះក្នុងចំនួនបេក្ខជន ០២រូប ដែលត្រូវឈរឈ្មោះជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
អំពីចំណាប់អារម្មណ៍នៃការទទួលបានតួនាទីថ្មីនេះ លោកស្រីបានមានប្រសាសន៍ថា៖ « ខ្ញុំសប្បាយចិត្តចំពោះតួនាទីនេះ វាគឺជាការចូលរួមក្នុងការលើកកម្ពស់ស្រ្តីក្នុងវិស័យបាល់ទាត់ក្នុងភាពជាអ្នកដឹកនាំ » ។
« លើសពីនេះទៀតនោះ យើងក៏សប្បាយចិត្តនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងផែនការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ SEA GAMES 2023 ក៏ដូចជាចូលរួមជួយលើចំណុចខ្វះខាតផ្សេងៗទៀតឱ្យមានភាពប្រសើរឡើង » ។
សូមជម្រាបថា លោកស្រី ពុធ ធីតា នឹងក្លាយជាស្រ្តីដំបូងគេដែលជាប់ឈ្មោះជាសមាជិកគណៈកម្មាធិការប្រតិបត្តិ នៃមហាសន្និបាតលើកទី ១៣នេះ ៕