សម្រាប់កាលវិភាគនៃការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៩ នឹងចាប់ផ្តើមចុងសប្តាហ៍នេះហើយ ដោយ ក្រុមបាល់ទាត់បឹងកេត នឹងត្រូវប្រឈមមុខជាមួយក្រុមបាល់ទាត់ភ្នំពេញក្រោន នៅកីឡដ្ឋាន RSN វេលាម៉ោង ៦ល្ងាច ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ ២០១៩។
ចំពោះការប្រកួតដ៏សំខាន់ និងដំបូងបំផុតប្រចាំរដូវកាលថ្មីនេះ កីឡាករចំណូលថ្មីរបស់យើង ០២រូប ដែលធ្លាប់រួមរស់ជាមួយភ្នំពេញក្រោន បានបង្ហាញអារម្មណ៍ និងការតាំងចិត្តរៀងៗខ្លួនថា៖
ស្រាំង ទិត្យឈី « ការសម្របខ្លួនរបស់ខ្ញុំនៅទីនេះគឺល្អប្រសើរច្រើន ហើយបើសិនខ្ញុំមានឱកាសបង្ហាញខ្លួន ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ជួយក្រុមឱ្យទទួលបានជ័យជម្នះ ព្រោះ ៣ពិន្ទុដំបូងគឹសំខាន់សម្រាប់យើង ដើម្បីជំរុញទឹកចិត្តឱ្យយើងខំប្រឹងបន្តទៀត » ។
អំពីការប្រឈមមុខនឹងក្រុមចាស់ដែលខ្លួនធ្លាប់រួមរស់រយៈពេលជាង៧ឆ្នាំមកហើយនោះ ទិត្យឈី និយាយថា៖ « សម្រាប់ខ្ញុំ គឺមានមនោសញ្ចេតនាជាមួយក្រុមចាស់ ប៉ុន្តែនៅក្នុងបាល់ទាត់ លើទីលានគឺគ្មានមនោសញ្ចេតនាទេ គឺ១០០ភាគរយ ចង់ឈ្នះចង់ចាញ់ដូចគ្នា » ។
ងាកទៅកាន់អ្នកចាំទី យូ អាឡិចសង់ ដែលទើបចូលរួមជាមួយពួកយើង ក៏បានបង្ហាញពីការតាំងចិត្តចំពោះការប្រកួតទល់នឹងក្រុមចាស់ដែលខ្លួនធ្លាប់រួមរស់នៅរដូវកាល ២០១៨កន្លងមកផងដែរថា៖ « ខ្ញុំគិតថា វានឹងជាប្រកួតដ៏ធំមួយ ។ គ្រប់គ្នាបានដឹងពីសមត្ថភាពគូរប្រជែងទាំងពីរនេះ កាលពីរដូវកាលមុន បឹងកេតបានបាត់បង់ឱកាសឈ្នះជើងឯកដោយសារចំណុចខ្វះខាតមួយចំនួន តែឆ្នាំនេះ ជាមួយទំនុកចិត្តខ្ពស់ពីប្រធានក្លិប គឺពួកយើងនឹងប្រាកដចិត្តទាំងកីឡាករ ក្រុមការងារ និងអ្នកគាំទ្រ។ »
« ឆ្នាំមុនខ្ញុំគ្រងឯកសណ្ឋានរបស់ភ្នំពេញក្រោន តែឆ្នាំនេះវិញ បឹងកេតជាជម្រើសរបស់ខ្ញុំ ហើយនឹងមិនមានការយោគយល់នោះឡើយ គឹខ្ញុំត្រូវការឈ្នះ ទោះជាមានឱកាសបង្ហាញខ្លួនឬអត់ តែខ្ញុំបានត្រៀមខ្លួនរួចរាល់ ២០០ភាគរយ » អាឡិចបន្ថែម ។
កុំភ្លេចចូលរួមទស្សនាការប្រកួតផ្ទាល់នៅកីឡដ្ឋាន RSN ទាំងអស់គ្នាដើម្បីផ្តល់កម្លាំងចិត្តដល់កីឡាកររបស់យើង ក្នុងការប្រកួតបើករដូវកាលថ្មី និងលើកស្ទួយដល់បាល់ទាត់ជាតិ ឱ្យបានច្រើនកុះករ ៕