ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ បានប្រកួតបើកឆាកពូល H នៃវគ្គជម្រុះពានរង្វាន់ AFC U-23 Championship 2020 ដោយបរាជ័យ ៦-០ ទល់នឹង ជម្រើសជាតិអូស្រ្តាលី អាយុក្រោម២៣ឆ្នាំ ។
កីឡាកររបស់បឹងកេត ០២រូប ទទួលបានឱកាសបង្ហាញខ្លួនពេញ៩០នាទី គឺអ្នកចាំទី ហ៊ុល គីមហ៊ុយ និងខ្សែការពារ ទេស សម្បត្តិ ។
បង្ហាញអំពីចំណាប់អារម្មណ៍ចំពោះការប្រកួតដ៏តានតឹង ដែលត្រូវប្រឈមមុខជាមួយនឹងគ្រូប្រកួតមានកម្រិតខ្ពស់ជាងខ្លួន អ្នកចាំទីរបស់យើង បានសារភាពថា៖ « ការប្រកួតគឺពិបាកខ្លាំងមែនទែន ហើយគេដាក់សម្ពាធមកក្រុមយើងរហូត ពួកគេមានកម្រិតលើយើងឆ្ងាយ ទាំងកាយសម្បទា បច្ចេកទេស » ។
« ខ្ញុំសោកស្តាយដែលរបូតដល់ទៅ ៦គ្រាប់ ប៉ុន្តែខ្ញុំមានឱកាសអាចរៀនសូត្របានច្រើនពី បរាជ័យនេះ ហើយអាចនិយាយបានថា របូតគ្រាប់បាល់ជាមួយក្រុមខ្លាំង គឺល្អជាងការពារមិនឱ្យរបូតជាមួយក្រុមដែលមានកម្រិតល្មមៗ » ។
ចំណែកឯខ្សែការពារវ័យក្មេងរបស់យើងវិញ កីឡាករ ទេស សម្បត្តិ ក៏បានបង្ហើបអំពីអារម្មណ៍របស់ខ្លួនផងដែរថា ៖ « កីឡាករអូស្រ្តាលី គឺល្អៗខ្លាំងណាស់ ខ្លាំងមែនទែន ហើយពួកយើងនៅមានកម្រិតទាបជាងគេ តែយើងនឹងខំប្រឹងបន្តទៀតចំពោះប្រកួតបន្ទាប់ » ។
ក្នុងប្រកួតទីពីរ ជម្រើសជាតិកម្ពុជា U23 នឹងប្រកួតជាមួយជម្រើសជាតិកូរ៉េខាងត្បូង U23 វេលាម៉ោង ៨យប់នៅពហុកីឡដ្ឋានជាតិ ៕