ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបាល់ទាត់បឹងកេត ជា វេសលី ដែលទទួលបានឱកាសក្នុងការកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ចូលរួមប្រកួតវគ្គជម្រុះ AFC U-23 Championship 2020 ចាប់ពីថ្ងៃទី ២២ ដល់ទី ២៦ ខែមីនា ឆ្នាំ២០១៩ កន្លងមក បានបង្ហាញខ្លួនក្នុងការប្រកួតចុងក្រោយនៃពូល H ទល់នឹងក្រុមឆាយនីសតៃប៉ិ អាយុក្រោម ២៣ឆ្នាំ កាលពីយប់មិញ។
ស្ថិតក្នុងបញ្ជីកីឡាករប្រកួតជម្រើស ១១នាក់ដំបូង និងលេងបាន ៧៧នាទី យុវជនវ័យក្មេងរបស់ក្លិបបឹងកេត វេសលី បានបង្ហាញពីចំណាប់អារម្មណ៍ប្រាប់គេហទំព័ររបស់ក្លិបថា៖ « ខ្ញុំមានអារម្មណ៍ថា រំភើប និងមានមោទនភាពដែលបានពាក់អាវជម្រើសជាតិ លើកដំបូងក្នុងអាជីពបាល់ទាត់ » ។
ចំពោះបទពិសោធន៍ដែលទទួលបានពីកាតព្វកិច្ចដ៏សំខាន់មួយនេះ វេសលី បន្តថា៖ « នៅទីនេះមានការប្រកួតប្រជែងខ្ពស់ ព្រោះកីឡាករជម្រើសជាតិសុទ្ធតែខ្លាំងៗ ហើយលើសពីនេះ ការលេងនៅជម្រើសជាតិ គឺតំណាងជាតិ វាគឺក្តីស្រម៉ៃខ្ញុំក្នុងអាជីព »។
ជាចុងក្រោយ វេសលី បង្ហាញពីចំណុចវិជ្ជមានថា ការចូលរួមជាមួយក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំ របស់កម្ពុជានេះ នឹងជួយឱ្យសមត្ថភាពរបស់ខ្លួនកើនឡើងពេលត្រឡប់ទៅក្លិបវិញ ដើម្បីទទួលបានឱកាសលេងច្រើនថែមទៀត។
គួររំលឹកថា ក្នុងព្រឹត្តិការណ៍វគ្គជម្រុះពានរង្វាន់យុវជនប្រចាំតំបន់អាស៊ីនេះ កីឡាករបឹងកេត ០៤រូប ដែលទទួលបានការកោះហៅ រួមមាន អ្នកចាំទី ហ៊ុល គីមហ៊ុយ ខ្សែការពារ ទេស សម្បតិ្ត សេត រ៉ស៊ីប និងខ្សែប្រយុទ្ធ ជា វេសលី ៕