ប្រធានក្រុម បឹងកេត កីឡាករ ហុង ផេង បានអះអាងក្រោយដឹកនាំក្រុមយកឈ្នះលើក្រុមបាល់ទាត់ខេត្តកំពង់ចាម ដោយលទ្ធផល ៧-០ នាល្ងាចថ្ងៃអាទិត្យកន្លងទៅនេះថា ស្ថានភាពរបស់ក្រុមនឹងត្រឡប់ទៅរកភាពល្អឡើងវិញ ។
ហុង ផេង ៖ «ការត្រៀមខ្លួនរបស់ពួកយើងក្នុងប៉ុន្មានប្រកួតដំបូងនេះ គឺបានល្អហើយ ប៉ុន្តែក្នុងបាល់ទាត់ ពេលខ្លះយើងត្រូវការសំណាងឱ្យនៅខាងយើងថែមទៀត »។
«ចំពោះយុវជន និងកីឡាករថ្មីៗដែលមកចូលរួមជាមួយពួកយើងក្នុងរដូវកាលថ្មីនេះ ភាគច្រើនគឺពួកគាត់អាចយល់និងចាប់បាននូវអ្វីដែលដែលជាការចង់បានរបស់គ្រូបង្វឹក និងក្រុម » ។
« លទ្ធផលនេះ ថ្វីត្បិតតែពួកយើងឈ្នះលើក្រុមដែលទើបបង្កើតថ្មី ប៉ុន្តែវាគឺជាលទ្ធផលដ៏ល្អ ដែលកីឡាកររបស់យើង ពុំមើលងាយលើគូប្រកួត ហើយតែងតែព្យាយាមពេញ ៩០នាទី »។
គួរបញ្ជាក់ថា ក្រោយប្រកួតសប្តាហ៍ទី៤នេះ បឹងកេត មាន ៧ពិន្ទុ ពីការប្រកួតឈ្នះភ្នំពេញក្រោន ៣-២ ចាញ់ អគ្គិសនីកម្ពុជា ១-០ ស្មើអង្គរថាយហ្គឺរ ១-១ និងឈ្នះកំពង់ចាម ៧-០ ៕