បន្ទាប់ពីរកគ្រាប់បាល់បន្ថែម និងជួយក្រុមឱ្យទទួលបានជ័យជម្នះទល់នឹងក្រសួងការពារជាតិ កាលពីសប្តាហ៍ទី៥កន្លងទៅ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Eduardo Purcino បានបង្ហាញចំណុចវិជ្ជមាន និងការជឿជាក់ថា បឹងកេត នឹងអាចមានលទ្ធភាពឈ្នះក្រុមដទៃផ្សេងទៀត មិនថាឡើយក្រុមកំពូល។
Eduardo៖ « តំបន់ការពាររបស់យើងធ្វើការយ៉ាងល្អកាលពីប្រកួតមុន វាជាចំណុចប្រសើរឡើងរបស់យើង ហើយសូម្បីតែការលេងជាក្រុមក៏មានការយល់ចិត្តគ្នា ។ ប្រសិនបើយើងនៅតែរក្សានូវការលេងដ៏ល្អ និងស៊ីចង្វាក់គ្នានេះបាន មានន័យថាយើងអាចយកឈ្នះលើក្រុមដទៃ មិនថាឡើយក្រុមកំពូលតារាង » ។
ជាមួយគ្នានេះផងដែរ ខ្សែប្រយុទ្ធដដែលរូបនេះ ក៏បាននិយាយអំពីការរកគ្រាប់បាល់របស់ខ្លួន ៣គ្រាប់ក្នុង ២ប្រកួតចុងក្រោយ ថា៖ « វាគឺជាគ្រាប់បាល់ដ៏ល្អសម្រាប់ខ្ញុំនៅកម្ពុជា ពីព្រោះថា ការប្រកួតគឺតានតឹង ហើយយើងត្រូវការឈ្នះដើម្បីពង្រឹងស្ថានភាពរបស់យើងលើតារាងពិន្ទុ។ ដូចនេះខ្ញុំព្យាយាមយ៉ាងខ្លាំង ដើម្បីទម្លុះសំណាញ់ទី ហើយគ្រាប់បាល់ទាំងនោះ ក៏អរគុណទៅមិត្តរួមក្រុមផងដែរ ដែលពួកគេបានបញ្ជូនយ៉ាងល្អឱ្យខ្ញុំទាត់បញ្ចូល » ។
គួរឱ្យដឹងផងដែរថា ការប្រកួតសប្តាហ៍ទី៦របស់បឹងកេត គឺប្រកួតទល់នឹងយុវជនសាលាបាល់ទាត់ជាតិ នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ នៅទីលានសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ វេលាម៉ោង ៣ និង៣០នាទីរសៀល ៕