បន្ទាប់ពីឈ្នះប្រកួតសប្តាហ៍ទី៦ លើក្រុមយុវជនសាលាបាល់ទាត់ជាតិ លទ្ធផល ៣-១ មានន័យថាក្រុមបាល់ទាត់បឹងកេត បានរំកិលទៅកាន់លេខរៀងទី៤ ក្នុងតារាងពិន្ទុប្រចាំសប្តាហ៍ នៃលីគកំពូលកម្ពុជា ដោយមានពិន្ទុស្មើគ្នា នឹងវិសាខា ពោលគឺ ១៣ពិន្ទុ និងបន្ថយគម្លាតពីតំបន់កំពូលតារាង ៣ពិន្ទុ។
គ្រូបង្វឹករបស់យើង លោកគ្រូ ហៅ សុជាតិ បានបង្ហាញអារម្មណ៍ក្រោយចប់ការប្រកួតថា៖ « ពួកយើងគឺធ្វើបានល្អក្នុងថ្ងៃនេះ (ថ្ងៃអាទិត្យ) តែអ្វីដែលសោកស្តាយ គឺយើងមានឱកាសច្រើន ធ្វើមិនបានល្អ » ។
« លទ្ធផលនេះគឺមិនដូចទៅនឹងអ្វីដែលយើងគិតទុកនោះទេ ដោយសារតែ យើងរំពឹងថា ឈ្នះទទួលបាន ៣ពិន្ទុ ហើយរកគ្រាប់បាល់បានច្រើន ហើយមួយវិញទៀត គឺយើងភ្លាត់ឱ្យយុវជនបាទី រកគ្រាប់បាល់បានមុនទៀត » ។
អំពីការប្រកួតវិញ យុវជនសាលាបាល់ទាត់ជាតិ បានរកគ្រាប់បាល់នាំមុខនៅនាទី ទី៦ ដោយកីឡាករ ប៊ុនធឿន ប៊ុនណារ៉ុង និងបន្ទាប់មកត្រូវកីឡាករបរទេសរបស់បឹងកេត រកគ្រាប់តាមស្មើវិញនៅនាទី ៤២ ដោយ Julius ខណៈនៅក្នុងវគ្គទីពីរ កីឡាករ Julius និង Eduardo រកគ្រាប់បាល់បន្ថែមទៀត រហូតដល់ចប់ការប្រកួត ៣-១។
នៅសប្តាហ៍ទី ៧ ខាងមុខ បឹងកេត នឹងបន្តជួបគូប្រកួតដ៏ខ្លាំងមួយទៀត គឺ វិសាខា ដែលប្រព្រឹត្តិទៅនៅថ្ងៃ សៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩ ៕