លោក Ratchakith Vasunan ក្នុងតួនាទីជាអនុប្រធានក្លិបបឹងកេត បានបកស្រាយបញ្ជាក់អំពីដំណើរវិវត្តន៍នៃការសាងសង់កីឡដ្ឋានរបស់ក្លិប ដែលកំពុងតែដំណើរការសាងសង់បានរហូតដល់ទៅ ៨០ភាគរយហើយ។
ថ្លែងប្រាប់ក្រុមការងារ BoeungKet.com កាលពីពេលថ្មីៗនេះ លោកអនុប្រធានបានរៀបរាប់បញ្ជាក់ថា៖ « គ្រប់យ៉ាងកំពុងដំណើរការទៅមុខល្អ ហើយមកទល់ពេលនេះ យើងសម្រេចបានប្រមាណជា ៨០ភាគរយហើយ អ្វីដែលយើងត្រូវការពេលវេលាបន្ថែមដើម្បីឱ្យរួចរាល់ គឺដោយសារតែយើងចង់ឱ្យកីឡដ្ឋានរបស់យើង បំពេញតាមលក្ខខ័ណ្ឌស្តង់ដារ ហើយម្យ៉ាងវិញទៀតគឺយើងគិតអំពីសុវត្ថិភាពរបស់អ្នកទស្សនា » ។
« ដំបូងគម្រោងរបស់យើង គ្រោងនឹងបញ្ចប់ក្នុងពេលដ៏ឆាប់ខាងមុខនេះ តែក្រោយពីមានការពិភាក្សាជាមួយក្រុមអ្នកជំនាញ គឺកន្លែងអ្នកទស្សនាត្រូវការបុកគ្រឹះ ដើម្បីធានាដល់សុវត្ថិភាពអ្នកទស្សនា » ។
សូមបញ្ជាក់ផងដែរថា ក្រុមវិស្វករដែលកំពុងសាងសង់កីឡដ្ឋានថ្មីរបស់យើងនេះ គឺសុទ្ធតែជាក្រុមការងាររបស់លោកអនុប្រធានក្លិប ដែលមានបច្ចេកទេស និងជំនាញច្បាស់លាស់។
ចំពោះបច្ចុប្បន្នភាពនៃការសាងសង់ វិវត្តន៍ទៅមុខយ៉ាងណានោះ ក្រុមការងាររបស់យើង នឹងជម្រាបជូនជាបន្តបន្ទាប់ទៀត ៕