កាលពីថ្ងៃអាទិត្យ នៃសប្តាហ៍កន្លងទៅនេះ ក្រុមបាល់ទាត់បឹងកេត បានធ្វើដំណើរទៅប្រកួតសប្តាហ៍ទី៨ នៃលីគកំពូលកម្ពុជា ទល់នឹងក្រុមព្រះខ័នរាជស្វាយរៀង ដែលបញ្ចប់ក្នុងលទ្ធផល ២-២។
ចំពោះលទ្ធផលក្នុងជំនួបដ៏តានតឹងមួយនេះ កីឡាកររបស់យើង ៣រូប ដែលជាតួអង្គសំខាន់ក្នុងការប្រកួត បានបង្ហាញនូវចំណាប់អារម្មណ៍រៀងៗខ្លួន ដោយក្នុងនោះមានសម្តីសំខាន់ៗមួយចំនួនដែល ក្រុមការងារ Boeungketfc.com នឹងធ្វើការដកស្រង់មក។
អ្នកចាំទី យូ អាឡិចហ្សង់៖ « តួនាទីរបស់អ្នកចាំទី ប្រសិនបើយើងឱ្យគេទាត់ចូល ប្រៀបបីដូចទៅនឹងបរាជ័យ ដូចនេះខ្ញុំមិនសប្បាយចិត្តឡើយសម្រាប់ការធ្វើឱ្យរបូតគ្រាប់បាល់ទាំងនោះ »។
ខ្សែប្រយុទ្ធ Purcino Eduardo៖ « ខ្ញុំគឺជាខ្សែប្រយុទ្ធ ការរកគ្រាប់បាល់គឺជារឿងដែលខ្ញុំចាំបាច់ត្រូវតែធ្វើ ព្រោះបើមិនអាចស៊ុតបញ្ចូលទីបានទេ ខ្ញុំអាចនឹងអង្គុយនៅកៅអីបម្រុង » ។
ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី៖ « ខ្ញុំសប្បាយចិត្តដែលរកគ្រាប់តាមស្មើឱ្យក្រុម តែក៏ចង់សូមទោសដល់អ្នកគាំទ្រស្វាយរៀង ចំពោះការអបអរផងដែរ ដោយសារសប្បាយចិត្តពេក ហើយក៏អរគុណដល់ស្វាយរៀង ព្រោះបើមិនមានស្វាយរៀងក៏ អត់អាចបង្កើត ឃួន ឡាបូរ៉ាវី បានដែរ » ។
គួររំលឹកថា នៅក្នុងការប្រកួត Purcino បានរកគ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់នៅចុងវគ្គទីមួយ តែក្រោយមក យើងក៏របូតគ្រាប់បាល់២គ្រាប់វិញ មុនពេល ឃួន ឡាបូរ៉ាវី ដែលប្តូរចូលក្នុងវគ្គទីពីរ រកគ្រាប់តាមស្មើវិញ និងចែកពិន្ទុគ្នាសម្រាប់ក្រុមទាំងពីរ ។
សប្តាហ៍បន្ទាប់ទៀត បឹងកេត នឹងត្រូវធ្វើដំណើរទៅប្រកួតសប្តាហ៍ទី៩ ជាមួយក្រុមអាស៊ីអឺរ៉ុបយូណាយធីត ដែលឈរលេខរៀងទី ៧ ក្នុងលីគកំពូលកម្ពុជារដូវកាល ២០១៩។
ការប្រកួតប្រព្រឹត្តិទៅនៅម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋាន AEU Sport Park ៕