គិតត្រឹមសប្តាហ៍ទី៩នេះ ខ្សែប្រយុទ្ធប្រេស៊ីលរបស់ក្រុមបាល់ទាត់បឹងកេត Eduardo Purcino បានកាប់កំណត់ត្រា ជាកីឡាករដែលរកគ្រាប់បាល់បានក្នុង ៦ប្រកួតជាប់គ្នា និងជាកីឡាករ Top Scorers របស់ក្លិបផងដែរ ។
ស្ថិតក្នុងតួនាទីជាខ្សែប្រយុទ្ធ Eduardo បានរកបានគ្រាប់បាល់សរុបចំនួន ៧គ្រាប់ហើយ ពោលគឺ ជាមួយកំពង់ចាម (២គ្រាប់) ជាមួយក្រសួងការពារជាតិ (១គ្រាប់) ជាមួយយុវជនសាលាបាល់ទាត់ជាតិ (១គ្រាប់) ជាមួយវិសាខា (១គ្រាប់) ជាមួយស្វាយរៀង (១គ្រាប់) និងជាមួយអាស៊ីអឺរ៉ុប (១គ្រាប់)។
ថ្លែងប្រាប់ក្រុមការងារ Boeungketfc.com កន្លងមក Eduardo ធ្លាប់បានលើកឡើងថា « ខ្ញុំ សប្បាយចិត្តដែលរកគ្រាប់បាល់ឱ្យក្លិប ព្រោះនេះជារឿងដែលខ្ញុំត្រូវតែធ្វើ ហើយខ្ញុំក៏អរគុណផងដែរដល់មិត្តរួមក្រុម ដែលតែងជ្រោមជ្រែងខ្ញុំ ពិសេស Gbenga ដែលតែងបញ្ជូនបាល់ល្អៗមកឱ្យខ្ញុំ »។
កីឡាករប្រេស៊ីលរូបនេះ ក៏បានបញ្ជាក់ច្បាស់ដែរថា៖ « កាលដែលខ្លួនមានវត្តមាននៅទីនេះ គឺដើម្បីឈ្នះពានរង្វាន់ ដូចនេះគ្រប់ការប្រកួតយើងតែងប្រាថ្នាចង់បាន ៣ពិន្ទុ ហើយមិនថាក្រុមខ្លាំងកម្រិតណាដែលយើងប្រឈមមុខនោះទេ យើងតែងចង់ឈ្នះ » ។
នៅលើបញ្ជី Top Scorers ក្នុងលីគកំពូលកម្ពុជា Eduardo កំពុងស្ថិតក្នុងចំណោមកីឡាករ ១០រូប ដែលមាន ៧គ្រាប់ តាមពីក្រោយបេក្ខភាពកំពូលតារាង Timothy របស់អង្គរថាយហ្គឺរ ( ១៣គ្រាប់ )៕