កីឡាករ សឿត ណាវ៉ា ដែលជាយុវជនរបស់ក្លិបបាល់ទាត់បឹងកេត នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធីបាល់ទាត់មួយមានឈ្មោះថា Japafun Cup ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី ១៣ ដល់ទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ នៅ J-Village, Fukushima ។
តាមសេចក្តីលំអិតនៃកម្មវិធី ណាវ៉ា នឹងត្រូវចូលរួមជាមួយយុវជនសាលាបាល់ទាត់ជាតិ រី លាភផេង ព្រមទាំងយុវជនដទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានឈ្មោះក្រុមថា ASIAN ELEVEN ហើយពួកគេនឹងត្រូវប្រកួតជាមួយក្រុមជម្រើសក្រុម Tohoku U18 នៅថ្ងៃទី ២២ ខែមិថុនា ។
ក្នុងបេសកកម្មនេះផងដែរ ក្រុមកីឡាករទាំងអស់ នឹងត្រូវទៅដល់ប្រទេសជប៉ុន ថ្ងៃទី ១៣ ហើយទស្សនកិច្ចមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី ១៤ មុនពេលធ្វើដំណើរបន្តទៅកាន់ J-Village, Fukushima នៅថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ដោយក្នុងនោះនឹងមានការហ្វឹកហាត់ និងប្រកួតកម្តៅសាច់ដុំ ក៏ដូចជាការផ្លាស់ប្តូរបច្ចេកទេសរវាងគ្នានិងគ្នា ។
ក្រោយចប់កម្មវិធីនេះ ណាវ៉ា និងមិត្តរួមក្រុម នឹងត្រឡប់មកកាន់កម្ពុជាវិញ នៅថ្ងៃទី ២៣ ខែមិថុនា ។
សូមជូនពរឱ្យ សឿត ណាវ៉ា ទទួលបានជោគជ័យក្នុងកម្មវធីបាល់ទាត់នៅជប៉ុននេះ ៕