កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមចំរុះយុវជនអាស៊ាន ដែលមានយុវជនកម្ពុជា ២រូបចូលរួម បានប្រកួតឈ្នះក្រុមយុវជនជប៉ុន Tohoku U18 នៃពានរង្វាន់មិត្តភាព Japafun Cup នៅប្រទេសជប៉ុន ។
ក្នុងនោះកីឡាកររបស់ក្លិបបឹងកេតយើង សឿត ណាវ៉ា បានបង្ហាញខ្លួនជាមួយយុវជនមកពីប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ដោយរកគ្រាប់បាល់១គ្រាប់ នៅវគ្គកាត់សេចក្តី បាល់ ១១ម៉ែត្រ ដែលនាំឱ្យក្រុម ASIAN Eleven ឈ្នះដោយលទ្ធផល ៥-៤ ។
ណាវ៉ា៖ « ខ្ញុំសប្បាយចិត្តណាស់ ហើយភ្ញាក់ផ្អើលនៅពេលដែលពួកយើង ជាកីឡាករពុំដែលលេងជាមួយគ្នាពីមុនមក តែធ្វើបានយ៉ាងល្អក្នុងការប្រកួតនៅទីនេះ ដែលស្មើក្នុង៩០នាទី និងយកឈ្នះនៅវគ្គកាត់សេចក្តី ។ វានឹងក្លាយជាការចងចាំដ៏មានអត្ថន័យមួយក្នុងអាជីពខ្ញុំ » ។
គួររំលឹកថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ ជប៉ុន-អាស៊ាន នេះគឺពិតជាមានអត្ថប្រយោជន៍ខ្លាំងបំផុតដោយមានផ្សារភ្ជាប់កីឡា និងការចែករំលែកវប្បធម៌ពីប្រទេសជប៉ុន ទៅកាន់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន ។
សឿត ណាវ៉ា បានរៀបរាប់អំពីដំណើរទៅប្រទេសជប៉ុននេះថា ខ្លួនពិតជាទទួលបានបទពិសោធន៍ច្រើនណាស់ ក្នុងការទៅចូលរួមនេះ ដោយបានស្គាល់មិត្តថ្មី និងស្វែងយល់ពីរបៀបលេងរបស់ពួកគេ ក៏ដូចជាយល់ដឹងពីវប្បធម៌ប្រទេសដទៃផងដែរ ។
សូមបញ្ជាក់ថា នៅថ្ងៃទី ២៤ ស្អែកនេះ ណាវ៉ា និង រី លាភផេង នឹងធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយចំណាយពេល ១០ថ្ងៃនៅប្រទេសជប៉ុន ៕