ការប្រកួតវគ្គជម្រុះ FIFA World Cup 2022 ដំណាក់កាលទី២ តំបន់អាស៊ី ក្នុងពូល C បានបញ្ចប់ទៅគូរទីមួយ នៅពហុកីឡដ្ឋានជាតិ នៃរាជធានីភ្នំពេញ ដែលបានឃើញថា ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតស្មើជាមួយក្រុមជម្រើសជាតិ ហុងកុង លទ្ធផល ១ ទល់នឹង ១ ក្រោមក្រសែភ្នែកនៃអ្នកទស្សនា ៤៩,៨៥០នាក់។
កីឡាកររបស់ក្លិបបឹងកេត ១រូប គឺខ្សែការពារ សេត រ៉ស៊ីប ត្រូវបានគ្រូបង្វឹកជ្រើសចូលក្នុងជម្រើស ១១នាក់ដំបូង និងបង្ហាញសមត្ថភាពលើទីលានពេញ ៩០នាទីនៃការប្រកួត ដោយក្នុងនោះ មានលទ្ធភាពអាចបញ្ជូនបាល់ឱ្យមិត្តរួមក្រុម កីឡាករ កែវ សុខផេង ទាត់បញ្ចូលទី តាមស្មើ ហុងកុង បានវិញ នៅនាទី៣៣ នៃការប្រកួត។
ក្រោយចប់ការប្រកួត រ៉ស៊ីប បាននិយាយរៀបរាប់អំពីអារម្មណ៍របស់ខ្លួនប្រាប់ក្រុមការងារ boeungketfc.com ថា៖ “ ពេលដើរចូលទីលានឃើញអ្នកគាំទ្រច្រើន មានអារម្មណ៍ថាភ័យខ្លាំងមែនទែន ព្រោះខ្ញុំគិតទុកថា បើពេលលេងទៅលេងអត់បានល្អ ខ្លាចតែគេថាឱ្យ បន្ទាប់មកក៏គិតឡើងវិញថា ខ្ញុំត្រូវតែលេង ព្រោះគ្រូដាក់ឱ្យលេងហើយ មានតែលេងតាមអ្វីដែលគ្រូចង់បាន ហើយអ្វីដែលសំខាន់បំផុតនោះ គឺដើម្បីជាតិរបស់ខ្ញុំ ” ។
រ៉ស៊ីប និយាយត្រង់ចំណុចពិសេសមួយថា៖ “ ដល់ពេលលេងទៅ អារម្មណ៍នៅពេលដែលបានបោះបាល់ឱ្យមិត្តរួមក្រុមទាត់ចូលទី គឺមានអារម្មណ៍ថាសប្បាយចិត្តខ្លាំង ” ។
និយាយអំពីការលេងជាក្រុមវិញ កីឡាករកូនកាត់មូស្លីមរូបនេះ បញ្ជាក់ថា៖ ” គ្រប់គ្នានៅក្នុងក្រុមគឺល្អ ស៊ីសង្វាក់គ្នា ឡើង និងចុះជួយគ្នា និយាយរួមគឺលេងតាមអ្វីដែលគ្រូដាក់ឱ្យធ្វើបានល្អ ” ។
កីឡាករវ័យ ២២ឆ្នាំរូបនេះក៏បានតាំងចិត្តថា ខ្លួននឹងកាន់តែខំប្រឹងជាងនេះទៅទៀត ប្រសិនមានឱកាសដែលគ្រូដាក់ឱ្យលេងនៅប្រកួតក្រោយៗ ដើម្បីធ្វើយ៉ាងណាជួយក្រុមទទួលបានលទ្ធផលល្អ ជូនអ្នកគាំទ្រ។
គួររំលឹកថា ក្រោយស្មើគ្នាជាមួយហុងកុង ១-១ នេះ កម្ពុជា នឹងត្រូវបន្តជួបជាមួយ បារ៉ែន នៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខ នៅពហុកីឡដ្ឋានជាតិ ដែលជាជំនួបទីពីរក្នុងពូល C នៃការប្រកួតវគ្គជម្រុះ FIFA World Cup 2022 ដំណាក់កាលទី២ តំបន់អាស៊ី ។
ក្រៅពី រ៉ស៊ីប បឹងកេតក៏នៅមានកីឡាករមួយរូបទៀតផងដែរ គឺខ្សែការពារ ទេស សម្បត្តិ (វ័យ១៩ឆ្នាំ) ដែលជាប់ក្នុងបញ្ជីឈ្មោះកីឡាករ ២៣រូបចុងក្រោយសម្រាប់ព្រឹត្តិការណ៍ជម្រុះ World Cup ពីរប្រកួតដំបូងនេះ ៕