ក្លិបបាល់ទាត់បឹងកេត មានក្តីសោមន្សរីករាយខ្លាំងក្រៃលែង ក្នុងការប្រកាសជូនដំណឹងដល់អ្នកគាំទ្រទាំងអស់ឱ្យបានជ្រាបថា ក្លិបបានទទួលអាជ្ញាបណ្ណក្លិប ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) ជាផ្លូវការហើយ ដែលសមិទ្ធផលនេះ សុទ្ធសឹងកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់កន្លងមក។
ក្លិបបាល់ទាត់បឹងកេត បានចាប់ផ្តើមរៀបចំបំពេញលក្ខន្តិកនានាដើម្បី ស្នើរសុំអាជ្ញាបណ្ឌក្លិបរបស់ AFC ចាប់តាំងពីឆ្នាំ ២០១៧មកម្ល៉េះ ពោលគឺជាឆ្នាំដែល AFC បានតម្រូវឱ្យក្លិបនៅកម្ពុជាត្រូវបំពេញការស្នើរសុំអាជ្ញាបណ្ឌក្លិប ដោយក្នុងនោះ នៅឆ្នាំ ២០១៨ ក្លិបបឹងកេត បានបំពេញគ្រប់លក្ខខ័ណ្ឌតំរូវរបស់ AFC ហើយនៅឆ្នាំ២០១៩នេះក្ល្ិបទទួលបាន អាជ្ញាបណ្ណ ជាផ្លូវការពី AFC តែម្ដង។
ការទទួលបានអាជ្ញាបណ្ណក្លិបនៅពេលនេះគឺជាសមិទ្ធផលដ៏ធំមួយនៅក្នុងផែនការនៃការអភិវឌ្ឍក្លិប ដើម្បីឲ្យមានលក្ខណៈកាន់តែអាជីព។
គួរឱ្យដឹងផងដែរថា អាជ្ញាបណ្ណក្លិប (AFC Club Licensing) គឺជាលក្ខណៈវិនិច្ឆ័យដែលសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី(AFC) តម្រូវឲ្យក្លិបអាជីពទាំងអស់បំពេញដើម្បីមានសិទ្ធក្នុងការចូលរួមប្រកួតក្នុងពានរង្វាន់ធំៗដូចជា AFC CUP និង AFC CHAMPIONS LEAGUE ហើយចំពោះ លក្ខន្តិក នៃការបំពេញស្នើសុំអាជ្ញាបណ្ណគឺផ្ដោតលើលក្ខណៈវិនិច្ឆ័យមួយចំនួនដូចជា លក្ខណៈវិនិច្ឆ័យផ្នែកកីឡា(Sporting Criteria) លក្ខណៈវិនិច្ឆ័យហេដ្ឋារចនាសម្ព័ន្ធ(Infrastructure Criteria) លក្ខណៈវិនិច្ឆ័យរដ្ឋបាលនិងបុគ្គលិក(Personnel and Administrative Criteria) លក្ខណៈវិនិច្ឆ័យផ្នែកច្បាប់(Legal Criteria) និង លក្ខណៈវិនិច្ឆ័យផ្នែកហិរញ្ញវត្ថុ(Financial Criteria) ដែលក្នុងលក្ខណៈវិនិច្ឆ័យនីមួយៗមានចំនុចតូចៗជាច្រើនផ្សេងៗទៀត។