ក្រុមបាល់ទាត់នារីបឹងកេតអាយុក្រោម ១៨ឆ្នាំ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតជម្រើសជើងឯកនារី អាយុក្រោម១៨ឆ្នាំ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលរៀបចំធ្វើឡើងរយៈពេល ២សប្តាហ៍នៅមជ្ឍមណ្ឌលកីឡាបាល់ទាត់ជាតិបាទី។
លោក សុង សារឹម ដែលជាគ្រូបង្គោលដឹកនាំក្រុមនារីបឹងកេតបានបង្ហាញចំណាប់អារម្មណ៍ថា៖ ” សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រកន្លងមកជាមួយនឹងបាត់ដំបង គឺក្មេងៗរបស់យើងលេងអត់សូវបានល្អ ម្យ៉ាងកំរិតរបស់គូប្រកួតយើងគឺពួកគេធ្វើបានល្អណាស់ ដូចនេះយើងមានការសោកស្តាយមែនទែនដែលមិនអាចដណ្តើមជើងឯកបាន តែយើងសប្បាយចិត្តព្រោះវាជាឆ្នាំដំបូងដែលយើងបានចូលរួមប្រកួតពានរង្វាន់របស់សហព័ន្ធនេះ ហើយយើងទទួលបានលេខ២ ” ។
គួររំលឹកថា ក្នុងការប្រកួតចាប់តាំងពីវគ្គជម្រុះពូលកន្លងមក ក្រុមនារីបឹងកេតអាយុក្រោម១៨ឆ្នាំ បានប្រកួតស្មើជាមួយក្រុមនារីខេត្តត្បូងឃ្មុំអាយុក្រោម១៨ឆ្នាំ ០-០ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោយមកឈ្នះក្រុមនារីខេត្តតាកែវ ២-១ នៅថ្ងៃទី ១៦ ខែធ្នូ ។
លុះចូលដល់វគ្គ៨ក្រុមចុងក្រោយ (ដំណាក់កាលទី២) ពួកយើងបានបន្តយកឈ្នះក្រុមនារីខេត្តពោធិ៍សាត់ លទ្ធផល ១-០ នៅថ្ងៃទី១៨ ខែធ្នូ និងបន្តយកឈ្នះលើក្រុមនារីខេត្តកណ្តាល ៦-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី ២០ ខែធ្នូ ។ ដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមនារីយើងបានប្រកួតចាញ់ក្រុមនារីខេត្តបាត់ដំបង លទ្ធផល ០-៤ ។
ចំពោះការប្រកួតទាំង ៥ប្រកួតក្នុងពានរង្វាន់ជម្រើសជើងឯកនារី អាយុក្រោម១៨ឆ្នាំនេះ កីឡាការនីរបស់យើង ពាក់ឯកសណ្ឋានលេខ ៧ ថុល រត្ថា រកបានគ្រាប់បាល់ច្រើនជាងគេនៅក្នុងក្រុម ពោលគឺ ៦គ្រាប់ ដោយក្នុងនោះ រកបាន ២គ្រាប់ក្នុងជំនួបទល់នឹងខេត្តតាកែវ ១គ្រាប់ក្នុងជំនួបទល់នឹងខេត្តពោធិ៍សាត់ និង ៣គ្រាប់ក្នុងជំនួបទល់នឹងខេត្តកណ្តាល ៕