ក្រោយពីការចូលរួមជាមួយក្លិប និងកសាងកេរ្តិ៍ឈ្មោះជាច្រើនឱ្យក្លិបបាល់ទាត់បឹងកេត កីឡាករ ឃួន ឡាបូរ៉ាវី បានប្រកាសព្យួរស្បែកជើងរបស់ខ្លួន ក្នុងវ័យ ៣១ឆ្នាំ ពោលគឺក្រោយពីប្រឡូកក្នុងអាជីពបាល់ទាត់មួយនេះ អស់រយៈពេល ១២ឆ្នាំ ( ២០០៧ ដល់ ២០១៩) ។
ការសម្រេចចិត្តចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់នៅក្លិបបាល់ទាត់បឹងកេត កីឡាករដែលមានស្រុកកំណើតមកពីខេត្តកំពង់ចាមរូបនេះ ក៏បានវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹករបស់សាលាបាល់ទាត់បឹងកេត ។ ក្រៅពីនោះផងដែរ ម្ចាស់ឯកសណ្ឋានលេខ ៩ រូបនេះ ក៏ជាជំនួយការក្រុមបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថែមទៀតផង ។
ខាងក្រោមគឺជាស្នាដៃដែលកីឡាករ ឃួន ឡាបូរ៉ាវី បានកសាងឱ្យ ទាំងនៅក្លិប និងផ្ទាល់ខ្លួន ព្រមទាំងក្នុងក្រុមជម្រើសជាតិដែលមានដូចខាងក្រោម៖
ចាប់ផ្តើមអាជីពនៅឆ្នាំ ២០០៧ បូរ៉ាវី ចូលរួមជាមួយក្លិបព្រះខ័នរាជ ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៣ ដោយក្នុងនោះជួយក្លិបឱ្យឈ្នះពានសម្តេចហ៊ុន សែន ( Hun Sen Cup ) ២លើក នៅឆ្នាំ ២០១១ និង ២០១២ និងឈ្នះពានរង្វាន់មិត្តភាពនៅប្រទេសចិន Mekong River Cup ។ ផ្លាស់មកចូលរួមជាមួយក្លិបបាល់ទាត់បឹងកេត នៅឆ្នាំ ២០១៤ កីឡាករជំនាញជើងឆ្វេងរូបនេះ ជួយក្លិបរបស់ខេត្តកំណើតខ្លួន ឈ្នះពានលីគ២លើក គឺ ២០១៦ និង ២០១៧ ព្រមទាំង ឈ្នះពានរង្វាន់សម្តេចហ៊ុន សែន កាលពីពេលថ្មីៗនេះ ( ឆ្នាំ ២០១៩ ) ថែមទៀតផង។ សម្រាប់អន្តរជាតិវិញ ឃួន ឡាបូរ៉ាវី ជួយឱ្យបឹងកេត ឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Toyota Club Championship កាលពីឆ្នាំ ២០១៥ ផងដែរ។
ចំពោះការចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជាវិញ ឃួន ឡាបូរ៉ាវី ទទួលបានការបង្ហាញខ្លួនចាប់តាំងពីឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១៨ ចំនួនសរុប ៥៦ប្រកួត និងរកគ្រាប់បាល់បានសរុប ១៤គ្រាប់ ដោយក្នុងនោះជួយកម្ពុជា ឱ្យឈ្នះ ពានរង្វាន់ BIDC Cup កាលពីឆ្នាំ ២០០៩ ។
ជាមួយនឹងការសម្រេចចិត្តចូលនិវត្តន៍នេះ បូរ៉ាវីបាននិយាយថា៖ “ ខ្ញុំចង់ផ្តល់ឱកាសឱ្យកីឡាករក្មេងៗជំនាន់ក្រោយគាត់មានឱកាសបង្ហាញខ្លួនច្រើន និងចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំទៅដល់ពួកគាត់ ” ។
“ ខ្ញុំក៏ចង់អរគុណដល់មិត្តរួមក្រុមទាំងអស់ ថ្នាក់ដឹកនាំ និងមនុស្សគ្រប់គ្នាដែលខ្ញុំធ្លាប់ធ្វើការជាមួយ ក៏ដូចជាអ្នកគាំទ្រដែលតែងតែគាំទ្រខ្ញុំ និងផ្តល់កម្លាំងចិត្តឱ្យខ្ញុំទទួលបានរហូតដល់ពេលនេះ ” ឃួន ឡាបូរ៉ាវី៕