ក្រុមយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ នឹងចូលរួមប្រកួតក្នុងពានរង្វាន់ក្រៅផ្លូវការមួយគឺ KMH CUP 2020 ដែលការប្រកួតគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ១២ ខែកុម្ភៈ រហូតដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០ ដោយក្នុងនោះ បឹងកេត ស្ថិតនៅពូល ក រួមជាមួយក្រុមយុវជនក្លិបវិសាខា អាយុក្រោម ១៦ឆ្នាំ, យុវជន HFCA អាយុក្រោម ១៨ឆ្នាំ និង យុវជនព្រះខ័នរាជស្វាយរៀង អាយុក្រោម ១៨ឆ្នាំ។
ចំណែកនៅពូល ខ វិញមានក្រុមយុវជន ISI Dangkor Senchey U-18, យុវជនក្រសួងការពារជាតិ, នគរបាលជាតិ និងក្លិបភ្នំពេញក្រោន U17 ។
គួរឱ្យដឹងថា ក្រោយការផ្គូរផ្គងកាលវិភាគប្រកួត យុវជនបឹងកេតនឹងត្រូវជួបប្រកួតជម្រុះពូលដូចខាងក្រោម៖
+ជើងទីមួយ៖
-ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ យុវជនបឹងកេត U-18 ប្រកួតទល់នឹង យុវជន HFCA U-18 ។
-ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ យុវជនបឹងកេត U-18 ប្រកួតទល់នឹង យុវជនវិសាខា U-16 ។
-ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា យុវជនព្រះខ័នរាជស្វាយរៀង U-18 ប្រកួតទល់នឹង យុវជនបឹងកេត U-18 ។
+ជើងទីពីរ៖
-ថ្ងៃពុធ ទី២៥ ខែមីនា យុវជន HFCA U-18 ប្រកួតទល់នឹង យុវជនបឹងកេត U-18 ។
-ថ្ងៃពុធ ទី៨ ខែមេសា យុវជនវិសាខា U-16 ប្រកួតទល់នឹង យុវជនបឹងកេត U-18 ។
-ថ្ងៃពុធ ទី២៩ ខែមេសា យុវជនបឹងកេត U-18 ប្រកួតទល់នឹង យុវជនព្រះខ័នរាជស្វាយរៀង U-18 ។
*ការប្រកួតទាំងអស់ធ្វើឡើងនៅទីលាន KMH Park វេលាម៉ោង ៧យប់ទាំងអស់
សូមជម្រាបអំពីលក្ខន្តិកៈនៃការប្រកួត គឺក្រុមទាំងអស់នឹងប្រកួតក្នុងពូលលក្ខណៈវិលជុំ ( ២ជើង ) សន្សំពិន្ទុដើម្បីស្វែងរកក្រុមចំណាត់ថ្នាក់លេខ ១ និងលេខ ២ ដើម្បីឡើងទៅកាន់ជុំបន្ទាប់ ដែលហៅថាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពូលទាំងពីរ ដោយនឹងប្រកួតលក្ខណៈវិលជុំជាបន្តទៀត។ លុះចូលដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមបរាជ័យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងប្រឈមមុខគ្នាដណ្តើមចំណាត់ថ្នាក់លេខ ៣ គ្រាដែលក្រុមឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងតទល់គ្នាដណ្តើមពានរង្វាន់។
សូមរំលឹកថា ក្នុងឆ្នាំ២០១៩កន្លងទៅ យុវជនបឹងកេត អាយុក្រោម១៨ឆ្នាំ ដឹកនាំដោយលោកគ្រូ ឈុន សុធារ័ត្ន ដែលទើបនឹងបង្កើតឡើងបានចូលរួមប្រកួតប្រជែងពេញមួយរដូវកាលដោយក្នុងនោះ ឈរលេខមួយកំពូលតារាង ប្រកួតឈ្នះ ៨លើក ស្មើ១ និងចាញ់ ៣ ។ លុះចូលដល់វគ្គផ្តាច់ព្រ័ត្រ យុវជនបឹងកេត រងបរាជ័យ ៣-១ ទល់នឹងយុវជនវិសាខា ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងពានរង្វាន់ KMH CUP 2019 ៕