អំឡុងពេលដែលការប្រកួតត្រូវបានពន្យាពេល និង ការផ្អាកការហ្វឹកហាត់របស់កីឡាករនៅក្លិបបឹងកេត ក្រុមការងារបច្ចេកទេសក៏បានរៀបចំនូវលំហាត់មួយចំនួន ដើម្បីផ្តល់ឱ្យកីឡាករធ្វើការហ្វឹកហាត់ជាប្រចាំនៅតាមផ្ទះរបស់ពួកគេ ឬកន្លែងគួរសមផ្សេងៗ ដើម្បីរក្សានូវកម្លាំង និងកាយសម្បទាមាំមួន និងរក្សានូវសុខភាពរបស់ពួកគេឱ្យបានល្អ។
គ្រូបង្គោលរបស់ក្លិប លោក Apisit Im-Amphai បានប្រាប់ក្រុមការងារគេហទំព័រ boeungketfc.com នាព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០នេះថា៖ “ ពួកយើងបានពិភាក្សាគ្នា នឹងបានរៀបចំលំហាត់ឱ្យទៅកីឡាករទាំងអស់អនុវត្តតាមដោយក្នុងនោះរួមមាន លំហាត់រត់ ២០នាទី និង លើកទំងន់ ៣០នាទី ហើយក្រៅពីនោះពួកគេក៏អាចធ្វើលំហាត់ខ្លួនឯងផ្សេងៗ ប្រមាណ ១០នាទីបន្ថែមទៀត ការធ្វើបែបនេះគឺដើម្បីរក្សាស្ថានភាពរាងកាយរបស់ពួកគេឱ្យបានល្អដោយយើងឱ្យពួកគេធ្វើលំហាត់ទាំងនេះ រៀងរាល់ថ្ងៃ និងសំរាក ២ថ្ងៃក្នុង១សប្តាហ៍ ” ។
លោកគ្រូក៏បានបន្តថា៖ “ យើងចង់ជំរុញទឹកចិត្តឱ្យកីឡាកររបស់យើងព្យាយាមហ្វឹកហាត់តាមអ្វីដែលក្រុមបច្ចេកទេសបានរៀបចំឱ្យបានត្រឹមត្រូវ ដើម្បីអាចឱ្យកម្លាំង និងកាយសម្បទារបស់ពួកគេមានសភាពល្អ និងងាយស្រួលនៅពេលដែលយើងអាចត្រឡប់មកហ្វឹកហាត់ឡើងវិញ ដើម្បីត្រៀមការប្រកួត ” ។
លោកគ្រូសង្កត់ធ្ងន់ថា៖ “ សូមកីឡាករទាំងអស់បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងលក្ខខ័ណ្ឌអាជីព ដោយត្រូវគិតថាតើខ្លួនឯងត្រូវធ្វើយ៉ាងណាខ្លះ ក្នុងពេលវេលានេះ បើទោះបីជាមិនមានការប្រកួត ” ។
ចុងក្រោយ លោកគ្រូក៏បានផ្ញើសារជូនទៅកាន់អ្នកគាំទ្រក្លិបបឹងកេត និងទស្សនិកជនបាល់ទាត់ទាំងអស់ ឱ្យថែរក្សាសុខភាព និងអនាម័យឱ្យបានល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋាភិបាល ហើយពួកយើងនឹងបានជួបគ្នាវិញក្រោយមេរោគ COVID-19 នេះលែងមានតទៅទៀតក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក ៕