លឹម អារុណ រ៉េយមិន ( Lim Aarun Raymond ) គឺជាឈ្មោះរបស់កីឡាករយុវជនមួយរូបស្ថិតនៅក្នុងថ្នាលយុវជនអាយុក្រោម ១៨ឆ្នាំ របស់ក្លិបបឹងកេត ដែលកន្លងមកធ្លាប់ទទួលបានការចូលហ្វឹកហាត់ជារឿយៗនៅក្រុមធំ និងកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ថែមទៀតផង។
អំឡុងពេលដែលមិនមានការប្រកួត និងស្ថិតនៅប្រទេសនូវែលហ្សេឡង់ យុវជនរូបនេះ បានផ្តល់បទសម្ភាសន៍ដល់ក្រុមការងារនៃគេហទំព័រ boeungketfc.com តាមប្រព័ន្ធផ្សព្វផ្សាយសង្គម រៀបរាប់អំពីស្ថានភាពនាពេលបច្ចុប្បន្ន, ការចូលរួមជម្រើសជាតិលើកដំបូង, គោលដៅក្នុងឆ្នាំ ២០២០ និងអនាគត, មហិច្ឆតារបស់ខ្លួននៅបឹងកេត និងកីឡាករដែលខ្លួនពេញចិត្ត ។
១. តើប្អូនសុខទុក្ខយ៉ាងណាដែរ ? ហើយតើបានធ្វើអ្វីខ្លះអំឡុងមេរោគ COVID-19 កំពុងផ្ទុះឡើងនេះ ?
អារុណ៖ ខ្ញុំសុខសប្បាយធម្មតាទេ ហើយសព្វថ្ងៃកំពុងស្ថិតនៅនូវែលហ្សេឡង់ ។ នៅទីនេះកំពុងតែស្ថិតក្នុងសភាពជាប់គាំង ( Lockdown ) ដូច្នេះសាលារៀនទាំងអស់ត្រូវបិទទ្វារ, ការប្រកួត និងការហ្វឹកហាត់បាល់ទាត់ត្រូវផ្អាកសកម្មភាព។ យើងអាចត្រឹមចេញពីផ្ទះក្នុងករណីចាំបាច់ដូចជាទៅទិញម្ហូបនៅផ្សារទំនើប, ទិញថ្នាំ ឬធ្វើលំហាត់ប្រាណជាមួយក្រុមគ្រួសារប៉ុណ្ណោះ។ ខ្ញុំកំពុងរៀនជាមួយនឹងប្អូនៗរបស់ខ្ញុំតាមប្រព័ន្ធអ៊ីនធឺណែត ហើយក៏ឆ្លៀតហាត់បាល់ ( រៀនបញ្ជូន, ទាត់, គ្រប់គ្រង និងច្រើនទៀត) ក៏ដូចជាការរត់ដើម្បីអភិវឌ្ឍនកម្លាំងឱ្យកាន់តែខ្លាំង។
២.តើប្អូនទទួលបានអ្វីខ្លះអំពីការចូលរួមលើកដំបូងក្នុងក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ កាលពីដើមឆ្នាំនេះ ?
អារុណ៖ វាពិតជាអស្ចារ្យក្នុងការចូលរួមព្រឹត្តិការណ៍បាល់ទាត់នៅជប៉ុន។ ខ្ញុំរីករាយ និងចងចាំរាល់ប្រកួតដែលខ្ញុំបានលេងនៅទីនោះ ព្រោះជាលើកដំបូងដែលខ្ញុំលេងឱ្យកម្ពុជា ។ យើងបានឈ្នះ ២ប្រកួត ទល់នឹង មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី តែចាញ់ ទីម័រខាងកើត និង Kagoshima United ។ ក្រុមរបស់យើងមានកីឡាករ និងថ្នាក់ដឹកនាំដ៏ល្អ ហើយខ្ញុំតែងតែងស្រមៃចង់បានឱកាសបែបនេះបន្ថែមទៀតដើម្បីតំណាងឱ្យកម្ពុជា លើឆាកអន្តរជាតិ ហើយពិតណាស់ខ្ញុំនឹងប្រឹងប្រែង។
៣. អ្វីទៅជាផែនការណ៍របស់ប្អូនក្នុងឆ្នាំ ២០២០នេះ និង អនាគត ?
អារុណ៖ សម្រាប់ឆ្នាំ ២០២០ ខ្ញុំត្រូវបន្តការបណ្តុះបណ្តាលដោយខ្លួនឯង ខណៈពេលដែលមេរោគឆ្លងកំពុងស្ថិតនៅក្នុងប្រទេសនូវែលហ្សេឡង់។ ដោយសារករណី Coronavirus កំពុងតែកើនឡើងជារៀងរាល់ថ្ងៃ ខ្ញុំមិនអាចទាយបានថានឹងមានអ្វីកើតឡើងក្នុងរយៈពេលប៉ុន្មានខែទៀតទេ ដូច្នេះខ្ញុំត្រូវផ្តោតលើការកែលំអរសមត្ថភាពខ្លួនជារៀងរាល់ថ្ងៃរហូតដល់មេរោគ Coronavirus បាត់ទៅ។ ក្រោយអ្វីៗប្រសើរឡើងវិញ ខ្ញុំចង់ផ្តោតសំខាន់ទៅលើការលេងឱ្យបានល្អជាមួយនៅទីនេះ។ ខ្ញុំចង់លេងក្នុងការប្រកួតបន្ថែមទៀតនៅទីនេះដើម្បីក្លាយជាកីឡាករល្អ។ នៅពេលអនាគតខ្ញុំចង់លេងឱ្យក្រុមធំបឹងកេត និងក្រុមជម្រើសជាតិកម្ពុជានិងលេងនៅប្រទេសផ្សេងទៀត។
៤. តើប្អូនធ្លាប់ស្រមៃចំពោះការលេងនៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជាដែរទេ ?
អារុណ៖ បាទ! ខ្ញុំចង់លេងឱ្យបឹងកេត ក្នុងលីគកំពូលកម្ពុជា បន្ទាប់ពីខ្ញុំបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ ២០២១។ បឹងកេតគឺជាក្លឹបដ៏អស្ចារ្យមួយ។ ខ្ញុំចង់ទៅលេងនៅទីនោះដើម្បីទទួលបានបទពិសោធន៍ ជំនាញនិងជួយបឹងកេតឈ្នះលីគ។ ខ្ញុំចង់ធ្វើជាគំរូដល់កីឡាករយុវជនថ្នាល ដូច្នេះពួកគេអាចអភិវឌ្ឍនខ្លួនឱ្យរីកចំរើនដើម្បីក្លាយជាកីឡាករឆ្នើមដែលពួកគេអាចធ្វើបាន។
៥. តើមានកីឡាករកម្ពុជាណាខ្លះ ដែលប្អូនតែងតែពេញចិត្តការលេងរបស់ពួកគេ?
អារុណ៖ ខ្ញុំចូលចិត្តកីឡាករល្អៗនៅបឹងកេត គឺ ចាន់ វឌ្ឍនាកា និង ទេស សម្បត្តិ ។