កីឡាករ Mothusi Gopane គឺជាខ្សែបម្រើប្រយុទ្ធសញ្ជាតិអាហ្វ្រិចខាងត្បូង ចូលរួមជាមួយក្លិបបឹងកេតក្នុងរដូវកាល ២០២០នេះ បានផ្តល់បទសម្ភាសន៍ដល់ក្រុមការងារ boeungketfc.com ជុំវិញស្ថានភាព COVID-19 ដែលរារាំងដល់ការប្រកួតនាពេលបច្ចុប្បន្ននេះ។
ខាងក្រោមគឺជាកិច្ចសន្ទនាជាមួយនឹង Gopane៖
១. តើអ្នកបានសំរបខ្លួនក្នុងការរស់នៅកម្ពុជាហើយឬនៅគិតមកទល់នឹងពេលនេះ ?
GOPANE៖ វាគឺល្អណាស់សំរាប់ខ្ញុំក្នុងពេលនេះ ហើយមិនមានសម្ពាធអ្វីនោះទេ។
២. តើអ្នកមានបានដឹងពីមេរោគ COVID-19 ដែរឬទេ? វាកើតឡើងគ្រប់កន្លែងបច្ចុប្បន្ននេះ ។ តើអ្នកបានធ្វើយ៉ាងដូចម្តេចខ្លះក្នុងការការពារខ្លួន ?
GOPANE៖ នេះគឺជាលើកដំបូងហើយដែលខ្ញុំបានស្គាល់ពីមេរោគនេះ តែខ្ញុំបានព្យាយាមស្វែងយល់ពីវិធីបង្ការ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ទោះវាបានប៉ះពាល់ដល់ពិភពលោកទាំងមូល តែខ្ញុំបានការពារខ្លួនរបស់ខ្ញុំដោយ មិនទៅកន្លែងមានមនុស្សច្រើន ឧស្សាហ៍លាងសម្អាតដៃគ្រប់ពេល ផឹកទឹកក្តៅអ៊ន់ៗជាមួយក្រូច និងខ្ញី ជាមួយទឹកឃ្មុំ ជាដើម។
៣. ជុំវិញបញ្ហានេះ តើអ្នកបានស្វែងយល់យ៉ាងណាខ្លះអំពីស្ថានភាពក្នុងប្រទេសកំណើតរបស់អ្នក ?
GOPANE៖ ខ្ញុំមិនដែលដឹងសោះ តែខ្ញុំទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់ខ្ញុំរៀងរាល់ថ្ងៃ និងបានណែនាំដល់ពួកគេអំពីវិធីសាស្រ្តក្នុងការការពារខ្លួន អំឡុងពេលវេលាដ៏លំបាកនេះ។
៤. ពេលដែលលីគសម្រាក ហើយការហ្វឹកហាត់ត្រូវបានផ្អាក តើអ្វីដែលជំរុញចិត្តអ្នកឱ្យនៅតែធ្វើការហ្វឹកហាត់ជាធម្មតា ?
GOPANE៖ ខ្ញុំគិតថា ក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់ អ្នកត្រូវតែត្រៀមខ្លួនជានិច្ច បើសិនជាអ្នកអាចរក្សាកម្លាំងបានល្អនិង ហ្វឹកហាត់ខ្លាំង វាមិនងាយនាំឱ្យអ្នកឈឺនោះឡើយ ព្រោះរាងកាយគឺរឹងមាំគ្រប់គ្រាន់ អញ្ចឹងហើយពេលដែលលីគត្រឡប់មកវិញ វានឹងងាយស្រួលក្នុងការសំរបកម្លាំងរបស់អ្នក។ ម្យ៉ាងវិញទៀត ពួកយើងតែងតែទទួលបាននូវលំហាត់ហ្វឹកហាត់ពីក្រុមគ្រូបង្វឹក ដែលខ្ញុំបានធ្វើវារាល់ថ្ងៃ ទាំងនៅកីឡដ្ឋានរបស់យើង និងវាលខ្សាច់នៅជិតនោះ ដើម្បីរត់បន្ថែមទៀត ដូច្នេះធ្វើឱ្យរាងកាយខ្ញុំមានតុល្យភាពល្អ ។
គួរឱ្យដឹងផងដែរថា កីឡាករ Gopane Mothusi ទទួលបានឱកាសបង្ហាញខ្លួនចំនួន ៤ប្រកួត ក្រោមការដឹកនាំរបស់គ្រូបង្វឹក Apisit Im-Amphai និងរកបាន ១គ្រាប់ផងដែរ ដែលជួយឱ្យបឹងកេត ស្ថិតនៅលេខរៀងទី ៥ គិតត្រឹមសប្តាហ៍ទី ៥ ដោយឈ្នះ ២ប្រកួត និងស្មើ ២ប្រកួត ៕