កីឡាករវ័យ ២៣ឆ្នាំ ម៉ុន វ៉ាន់ដា នៅតែបង្ហាញមហិច្ឆតារបស់ខ្លួនដូចទៅនឹងឆ្នាំចាស់ដដែល គឺនឹងខិតខំប្រឹងព្យាយាមជួយបឹងកេត ឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ២ ទៅ ៣ដងទៀតតាមដែលអាចធ្វើទៅបាន។
វ៉ាន់ដា៖ “ ឆ្នាំមុនខ្ញុំបានសម្រេចបំណងរបស់ខ្ញុំហើយ គឺជួយក្លិបឈ្នះពានសម្តេចហ៊ុន សែន ដែលពីមុនមក យើងអត់ធ្លាប់ឈ្នះនោះទេ ហើយឆ្នាំនេះក៏ដូចគ្នា ខ្ញុំចង់ឈ្នះច្រើនជាងហ្នឹងទៀត តាមដែលអាចធ្វើទៅបាន ” ។
“ ឆ្នាំមុនអ្វីៗបញ្ចប់ទៅយ៉ាងរលូន ហើយឆ្នាំនេះ ពួកយើងនឹងព្យាយាមធ្វើឱ្យល្អដូចមុន និងកាន់តែខ្លាំងជាងមុនថែមទៀត ព្រោះវាគឺជាអ្វីដែលគ្រប់គ្នាក្នុងក្លិបចង់បង្កើតនៅក្នុងសៀវភៅប្រវត្តិសាស្រ្តក្លិប ” វ៉ាន់ដា បន្ថែម ។
ជាមួយនឹងការប្រកួតដែលត្រូវខកខាន ព្រោះជំងឺឆ្លង COVID-19 ដែលបង្ខំចិត្តឱ្យការប្រមូលផ្តុំហ្វឹកហាត់ត្រូវរំសាយ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានបង្ហើបប្រាប់ថា៖ “ ឆ្លៀតក្នុងពេលសម្រាកនេះ ខ្ញុំបានធ្វើការងារផ្ទះតិចតួច នឹងហ្វឹកហាត់តាមកម្មវិធីរបស់ក្លិបដែលដាក់ឱ្យ ហើយពេលទំនេរ ជួនកាលលេងបាល់ទះ ” ។
កីឡាករដែលមានកំណើតនៅខេត្តកំពង់ធំរូបនេះ បានត្អូញត្អែរថារូបគេពិតជានឹកការប្រកួតបាល់ទាត់ខ្លាំងណាស់ ហើយមានអារម្មណ៍អផ្សុកពេលដែលអត់មានការប្រកួត ព្រោះជាកីឡាករបាល់ទាត់ ធ្លាប់តែចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម និងមានការប្រកួតរៀងរាល់សប្តាហ៍ ដែលនាំឱ្យពួកគេខិតខំប្រឹងប្រកួតប្រជែងគ្នា ដើម្បីដណ្តើមជម្រើស ១១នាក់ដំបូង ។
ជាចុងក្រោយ ម៉ុន វ៉ាន់ដា មានសារខ្លះៗផ្ញើទៅកាន់អ្នកគាំទ្ររបស់ក្លិបបឹងកេត ដែលអន្ទះសារចង់ទស្សនាការប្រកួតរបស់ក្លិប៖ “ ខ្ញុំដឹងថា អ្នកគ្រប់គ្នាប្រាកដជានឹករលឹកដល់ពេលវេលាដែលចូលរួមទស្សនាបាល់ទាត់ ដូចខ្ញុំដែរ ខ្ញុំជឿជាក់ថា ឆាប់ៗខាងមុខនេះ ពួកយើងនឹងអាចនាំយកបាល់ទាត់ដ៏ស្រសបំព្រងរបស់យើងមកវិញ និងសូមឱ្យអ្នកគាំទ្រទាំងអស់គ្នា ទទួលបានសុខភាពល្អ និងសំណាងល្អ ” ។
រំលឹកថា ម៉ុន វ៉ាន់ដា រកគ្រាប់បាល់ ៤គ្រាប់ឱ្យបឹងកេត ក្នុងការប្រកួតពានរង្វាន់សម្តេចហ៊ុន សែន លើកទី ១៣ ឆ្នាំ ២០១៩កន្លងទៅ និងទទួលបានឱកាសបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង នៅប្រកួតបើកឆាកលីគកំពូលកម្ពុជា រដូវកាល ២០២០ថែមទៀតផង ៕