គ្រាដែលការប្រកួតក្នុងលីគកំពូលកម្ពុជា រដូវកាល ២០២០នេះ ត្រូវបានពន្យាពេលចាប់តាំងពី ថ្ងៃទី ១៦ ខែ មីនា កន្លងមក ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបឹងកេត សៀង ចន្ធា បានបង្ហាញថារូបគេតែងតែហ្វឹកហាត់ខ្លួនឯងជាប្រចាំ ដើម្បីត្រៀមខ្លួនសម្រាប់ការត្រឡប់មកវិញនៃការប្រកួត។
ឆ្លើយប្រាប់ក្រុមការងារ boeungketfc.com ពីស្រុកកំណើតនៅខេត្តកោះកុង ចន្ធា បាននិយាយថា៖ “ សម្រាប់ខ្ញុំអំឡុងពេលមិនមានការប្រកួតអស់រយៈពេលជាង១ខែកន្លះ ខ្ញុំមានសុខភាពល្អ រឹងមាំ មិនមានបញ្ហារបួស អ្វីទេ។ ញុំបានរក្សាកម្លាំងល្អ និងហ្វឹកហាត់តាមរបៀបដែល លេាកគ្រូបានណែនាំដាក់អេាយ ធ្វើនៅទីធ្លាមុខផ្ទះ សាលារៀន និងតាមឆ្នេរសមុទ្រ។ ” ។
ជាមួយគ្នានោះផងដែរ កីឡាករវ័យ ១៨ឆ្នាំរូបនេះ បានបង្ហើបអំពីការនឹករលឹកដល់ពេលវេលានៃបាល់ទាត់ដែលខ្លួនចាំមិនភ្លេច ចាប់តាំងពីចូលរួមជាមួយបឹងកេត គឺ៖ “ ខ្ញុំរំលឹកដល់ពេលវេលានៃបាត់ទាត់ដែលធ្វើអេាយខ្ញុំចាំមិនភ្លេចបានគឺ ការប្រកួតនៃសប្តាហ៍ទី២ យើងបានយកជំយជម្នះ និងមានអ្នកគាំទ្រច្រើនកុះករដែលក្លឹបមិនធ្លាប់មានពីមុនមក មួយទៀតអ្វីដែលខ្ញុំមកមិនអាចបំភ្លេចបាន គឺការប្រកួតនៅប្រទេស ឥណ្ឌូនេសុីដែលខ្ញុំមានរបួសជើងយ៉ាងខ្លាំង ធ្វើអេាយខ្ញុំខកខាតការហ្វឹកហាត់ជាច្រើនសប្ដាហ៍។ ” ។
យ៉ាងណាមិញ សៀង ចន្ធា បានប្រាប់ថារូបគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការវិលត្រឡប់មកហ្វឹកហាត់និងការប្រកួត ទាំងកម្លាំង និងសមត្ថភាពបានយ៉ាងល្អ ពេលដែលលីគអាចដំណើរការឡើងវិញ។
ជាចុងក្រោយ ចន្ធា ក៏មានពាក្យផ្តាំផ្ញើទៅកាន់អ្នកគាំទ្រថា៖ “ ខ្ញុំសូមផ្ដាំផ្ងើដល់អ្នកគាំទ្រទាំងអស់គ្នា មើលថែសុខភាព អេាយបានល្អ ដើម្បីចៀសផុតពីជំងឺ កូវីដ 19 ហើយក៏សូមសំណូមពរដល់អ្នកគាំទ្រទាំងអស់គ្នា នៅពេលលីគដំណើរការ មានការប្រកួតឡើងវិញ សូមអ្នកគាំទ្រទាំងអស់គ្នាចូលរួមគាំទ្រអេាយបានច្រើនកុះករ ។ ” ។
សូមបញ្ជាក់ ចាប់តាំងចូលរួមជាមួយបឹងកេត នាដើមរដូវកាល ២០២០នេះ ចន្ធា ទទួលបានឱកាសបង្ហាញខ្លួនក្នុង ៤ប្រកួតរបស់បឹងកេត និងរកគ្រាប់បាល់បាន ២គ្រាប់ ក្នុងជំនួបឈ្នះក្រុមនគរបាលជាតិ ៣-០ នៅសប្តាហ៍ទី ៤ និង បញ្ជូនបាល់ ( Assist ) ឱ្យមិត្តរួមក្រុម ទាត់បញ្ចូលទី ១គ្រាប់ ក្នុងប្រកួតឈ្នះវិសាខា ១-០ កាលពីសប្តាហ៍ទី ២ ៕