ឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានក្រោយការបាត់បង់ឱកាសយកឈ្នះក្រុមឆាយនីស តៃប៉ិ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រមិនបានសម្រេចរបស់កីឡាករ ចាន់ វឌ្ឍនាកា នៅនាទីទី៥៥ក្នុងការប្រកួត លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានថ្លែងថា៖
«ការទាត់បាល់ប៉េណាំងទីមិនចូលវាជារឿងធម្មតានោះទេសម្រាប់បាល់ទាត់ សូម្បីតែ Ronaldo និង Messi ក៏ធ្លាប់ទាត់អត់ចូលដែរ បើទាត់ចូលរហូតនោះមិនមែនបាល់ទាត់ទេ ហេតុនេះហើយ វឌ្ឍនាកា ក៏អាចទាត់អត់ចូលដូចគ្នា ហើយនេះជាបទពិសោធន៍របស់គាត់ សម្រាប់ខ្ញុំគាត់ជាកីឡាករមួយរូបដែលមានភាពវ័យឆ្លាត ដូច្នេះខ្ញុំជឿជាក់ថារូបគេនឹងមិនបង្កើតកំហុសដដែលៗនោះទេ។»
លោកបន្ថែមថាការប្រកួតនៅក្រៅទឹកដីមានភាពលំបាកជាពិសេសកត្តាអាកាសធាតុ និងកត្តាទីលាន តែលោករំពឹងថាសម្រាប់ជំនួបជើងទីពីរដែលធ្វើឡើងនៅលើទឹកដីកម្ពុជា កីឡាករទាំងអស់នឹងធ្វើបានល្អ ជាពិសេសការគាំទ្ររបស់អ្នកគាំទ្រដ៏ច្រើនលើសលប់ជាកម្លាំងចិត្តដ៏សំខាន់។
ក្រុមជម្រើសជាតិកម្ពុជាបានត្រឡប់មកដល់ប្រទេសកម្ពុជានៅវេលាម៉ោង ១០:៤៥ នាទីយប់ថ្ងៃទី៣ម្សិលម៉ិញហើយត្រូវបន្ដប្រមូលផ្ដុំត្រៀមជួបប្រកួតជាមួយឆាយនីស តៃប៉ិជើងទីពីរនៅថ្ងៃអង្គារទី៧ ខែមិថុនាសប្ដាហ៍ក្រោយនេះ នៅពហុកីឡដ្ឋានជាតិវេលាម៉ោង ៧:០០ នាទីយប់។