ក្រោយពីមានកិច្ចប្រជុំរវាងគណៈកម្មការរៀបចំការប្រកួត និងតំណាងក្លិបដែលចូលរួម កាលពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២០ ពានរង្វាន់ KMH CUP នឹងបន្តការប្រកួតរបស់ខ្លួនពីថ្ងៃទី ១៥ ខែ កក្កដា ខាងមុខ ប៉ុន្តែត្រូវស្ថិតក្នុងលក្ខខណ្ឌមួយចំនួនត្រូវអនុវត្ត។
ក្រោយពីទទួលបានដំណឹងនៃការត្រៀមរៀបចំឡើងវិញនៃការប្រកួតក្នុងពានរង្វាន់ KMH CUP ឆ្នាំ ២០២០នេះ លោកគីម ភក្តី ដែលជានាយកបច្ចេកទេសរបស់ក្លិបបាល់ទាត់បឹងកេតបាននិយាយថា៖ “ ចំពោះបច្ចុប្បន្នភាពនៃពានរង្វាន់នេះ ក្រុមយុវជនបឹងកេត អាយុក្រោម១៨ឆ្នាំរបស់យើង នឹងចាប់ផ្តើមការប្រមូលផ្តុំហ្វឹកហាត់វិញ នៅ២សប្តាហ៍ខាងមុខ ដោយរង់ចាំការឯកភាពពីប្រធានក្លិបជាមុនសិន ” ។
គួរឱ្យដឹងថា ពានរង្វាន់យុវជនមួយនេះ បានផ្អាកកាលពីថ្ងៃទី ១៥ ខែ មីនាកន្លងទៅ ដោយយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ ប្រកួតបានចំនួន ៣ប្រកួតរួចមកហើយ ដោយបញ្ចប់ជើងទី១ យកឈ្នះ យុវជន HFCA U-18 លទ្ធផល ១៧ ទល់នឹង ១ ក្រោយមកឈ្នះយុវជនវិសាខា U-16 លទ្ធផល ៣ ទល់នឹង ១ និងឈ្នះ យុវជនព្រះខ័នរាជស្វាយរៀង លទ្ធផល ៣ ទល់នឹង ០។
សម្រាប់ការប្រកួតជើងទី២ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១៥ ខែ កក្កដា ខាងមុខនេះតទៅ ដោយបឹងកេត ត្រូវជួបប្រកួតជាមួយក្រុមទាំង ៣ខាងលើម្តងទៀត ដើម្បីស្វែងរកក្រុមឡើងទៅកាន់វគ្គបន្ទាប់។
សូមជម្រាបអំពីលក្ខន្តិកៈនៃការប្រកួត គឺក្រុមទាំងអស់នឹងប្រកួតក្នុងពូលលក្ខណៈវិលជុំ ( ២ជើង ) សន្សំពិន្ទុដើម្បីស្វែងរកក្រុមចំណាត់ថ្នាក់លេខ ១ និងលេខ ២ ដើម្បីឡើងទៅកាន់ជុំបន្ទាប់ ដែលហៅថាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពូលទាំងពីរ ដោយនឹងប្រកួតលក្ខណៈវិលជុំជាបន្តទៀត។ លុះចូលដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមបរាជ័យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងប្រឈមមុខគ្នាដណ្តើមចំណាត់ថ្នាក់លេខ ៣ គ្រាដែលក្រុមឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងតទល់គ្នាដណ្តើមពានរង្វាន់។