ខ្សែការពារមានបទពិសោធន៍ជោគជាំក្នុងអាជីពរបស់ខ្លួន គឺកីឡាករ ទូច បញ្ចរ៉ុង បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ ៣៣ឆ្នាំ និងក្លាយខ្លួនជាក្រុមការងារគ្រូបង្វឹករបស់យុវជនអាយុក្រោម១៨ឆ្នាំនៃក្លិបបឹងកេត។
ជាមួយនឹងការសម្រេចចិត្តដ៏លំបាកនេះ បញ្ចរ៉ុង បានបង្ហាញអំពីចំណាប់អារម្មណ៍ខ្លួនថា៖ “ និយាយទៅការសម្រេចចិត្តរបស់ខ្ញុំនេះគឺមាន២ចំណុច ទីមួយគឺចង់អភិវឌ្ឍនខ្លួនឯងបន្ថែមទៀតក្នុងវិស័យបាល់ទាត់ដែរតែក្នុងលក្ខណៈជាគ្រូបង្វឹក ហើយទីពីរ គឺខ្ញុំចង់ផ្តល់ឱកាសឱ្យប្អូនៗជំនាន់ក្រោយអភិវឌ្ឍខ្លួនបានលឿនដើម្បីទុកកន្លែងឱ្យពួកគាត់ ” ។ ថ្វីត្បិតតែត្រូវបានផ្លាស់ប្តូរពីកីឡាករមកជាគ្រូ បញ្ចរ៉ុង បានអះអាងថាវាមានផលលំបាកខ្លះដែរ ព្រោះវាគឺជាការចាប់ផ្តើមដំបូងរបស់ខ្លួន ។
មិនត្រឹមតែប៉ុណ្ណោះ អតីតកីឡាករដែលប្រកបអាជីពនៅក្លិបបឹងកេតយូរជាងគេរូបនេះ ក៏បានជ្រើសរើសកីឡាករមួយរូប ដែលកំពុងល្អដូច្នេះថា ៖ “ ចំពោះខ្ញុំ បច្ចុប្បន្នខ្សែការពារដែលកំពុងល្អ និងខំប្រឹងគឺ ទេស សម្បត្តិ និង ស្លេះ ស៊េន ពួកគាត់ទាំងពីរអ្នកនេះគឺឥលូវនេះគឺល្អក្នុងទម្រង់លេងរបស់គាត់ ដែលពីមុនគាត់នៅស្ទើរច្រើន ” ។
គួររំលឹកថា កីឡាករ ទូច បញ្ចរ៉ុង បានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្លិបបឹងកេត ចាប់ពីរដូវកាល ២០១២ ដោយជួយក្លិបឈ្នះពានលីគកំពូលកម្ពុជា ៣សម័យកាល ( ២០១២, ២០១៦ និង ២០១៧ ) និងឈ្នះពានរង្វាន់សម្តេចហ៊ុន សែន លើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប នៅឆ្នាំ ២០១៩ថ្មីៗនេះទៀតផងដែរ។ ក្នុងនោះផងដែរ រូបគេក៏ធ្លាប់ជាប់ជម្រើសជាតិជាច្រើនឆ្នាំផងដែរ ដោយមានដូចជា យុវជនអាយុក្រោម១៩ឆ្នាំ ក្រោម ២២ឆ្នាំ និងក្រោម ២៣ឆ្នាំ ព្រមទាំងឈុតធំទៀតផង ហើយនៅឆ្នាំ ២០០៩ ធ្លាប់ជួយកម្ពុជា U-23 ឈ្នះពាន BIDC CUP ថែមទៀតផង។
សូមជូនពរដល់ បញ្ចរ៉ុង ទទួលបានជោគជ័យនៅក្នុងការងារបន្តទៀតជាជំនួយការគ្រូបង្វឹកក្នុងក្រុមយុវជនបឹងកេតអាយុក្រោម១៨ឆ្នាំ ៕