កាលពីពេលថ្មីៗនេះ ក្រោយក្លិបបាល់ទាត់បឹងកេតបានប្រកាសអំពីការចែកផ្លូវគ្នាជាមួយលោកគ្រូ Apisit Im Amphai ក៏មានការតែងតាំងលោក គីម ភក្តី ជាគ្រូបង្គោលបណ្តោះអាសន្នដើម្បីដឹកនាំក្រុមក្នុងការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចហ៊ុន សែន ឆ្នាំ ២០២០នេះ។
ជាមួយនឹងតួនាទីជាគ្រូបង្គោលបណ្តោះអាសន្ននេះ លោក គីម ភក្តី បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ សម្រាប់ខ្ញុំ វាគឺជាការទទួលខុសត្រូវច្រើនជាងមុន ព្រោះជាការអនុវត្តន៍ផ្ទាល់ជាមួយកីឡាករ តែយ៉ាងណាក៏ដោយ ខ្ញុំរីករាយនឹងការងារដែលក្លិបត្រូវការ ក្នុងគ្រាដ៏លំបាកនេះ ហើយខ្ញុំនឹងខំប្រឹងឱ្យអស់ពីលទ្ធភាពដែលអាចធ្វើបាន ” ។
មិនត្រឹមតែប៉ុណ្ណោះ នាយកបច្ចេកទេសរបស់ក្លិបបឹងកេតរូបនេះ ក៏បានបង្ហាញអំពីការតាំងចិត្តក្នុងគ្រាដែលលោកដឹកនាំជាគ្រូបង្គោលនេះថា៖ “ ខ្ញុំជឿជាក់ថាយើងទាំងអស់គ្នា នឹងរួមគ្នាបង្កើតឆន្ទៈរួមគ្នា ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ត្រូវតែប្រកួតប្រជែងជើងឯក ទាំងក្នុងលីគ និងពានរង្វាន់សម្តេចហ៊ុនសែន ហើយគោលដៅ៣ ដែលខ្ញុំនឹងរៀបចំ គឺ បំផុសឆន្ទៈកីឡាករក្នុងការប្រកួតប្រជែង, បណ្តុះស្មារតីក្រុម (មានន័យថាក្រុមមួយដែលមានភាពជឿជាក់ក្នុងការប្រកួត) និងទី៣ គឺអភិវឌ្ឍកីឡាករទាំងអស់ឱ្យមានសមត្ថភាពក្នុងការចូលរួមប្រកួតប្រជែង ” ។
គួរឱ្យដឹងថា ការប្រកួតលីគកំពូលកម្ពុជា នឹងត្រឡប់មកវិញនៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២០ ដោយបឹងកេត នឹងបើកទ្វាកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ប្រកួតទល់នឹងក្រុមសូលទីឡូអង្គរ វេលាម៉ោង ៣រសៀល ស្របពេលដែលការប្រកួតមិនមានអ្នកទស្សនានោះឡើយ ៕