ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបាល់ទាត់បឹងកេត គឺកីឡាករ ម៉ុន វ៉ាន់ដា ត្រូវបានក្រុមគ្រូពេទ្យប្រចាំក្លិបបានឱ្យដឹងថា រូបគេនឹងត្រូវសម្រាករយៈពេលយូរដើម្បីព្យាបាលរបួសដាច់សរសៃកជើងឆ្វេង ( Ligament Ankles ) អំឡុងការហ្វឹកហាត់ មុនការប្រកួតទល់នឹងក្រុម សូលទីឡូអង្គរ ក្នុងលីគកំពូលកម្ពុជា កាលពីសប្តាហ៍ទី ៦ កន្លងទៅ។
យោងតាមការឱ្យដឹងពី លោកគ្រូពេទ្យ ហ៊ុន ប៉េងឡុង បានរៀបរាប់ថា៖ “ របួសកជើង របស់គាត់នេះ នឹងត្រូវការសម្រាករយៈពេលពី ៤ ទៅ ៦ខែ ដោយនឹងត្រូវវះកាត់កជើងហ្នឹង ហើយបច្ចុប្បន្នយើងកំពុងទាក់ទងយករូបគេ ទៅប្រទេសវៀតណាម ” ។
ជុំវិញបញ្ហារបួសដែលនាំឱ្យរូបគេខកខានឱកាសបង្ហាញខ្លួនក្នុងលីគ គ្រាដែលការប្រកួតបើកដំណើរការឡើងវិញចាប់តាំងពីដើមខែកក្កដាកន្លងមក ម៉ុន វ៉ាន់ដា បានបង្ហាញអារម្មណ៍របស់ខ្លួនថា៖ “ ខ្ញុំពិតជាស្តាយឱកាសមែនទែន ដោយសារឆ្នាំនេះខ្ញុំមានឱកាសបង្ហាញខ្លួនច្រើនអញ្ចឹង ដល់ពេលដែលហាត់មិនទាន់បានលេងផង ក៏មានបញ្ហារបួសទៅវិញ ” ។
វ៉ាន់ដា ក៏បាននិយាយបន្ថែមថា អំឡុងពេលរបួសនេះ រូបគេមិនទាន់អាចធ្វើការហ្វឹកហាត់អ្វីបាននោះទេ ប៉ុន្តែមានលំហាត់ខ្លះដែលខ្លួនត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ រង់ចាំការវះកាត់កជើងរបស់គេ ។
គួរឱ្យដឹងថា ម៉ុន វ៉ាន់ដា ទទួលបានឱកាសបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជា កាលពីសប្តាហ៍ទី ១ ទល់នឹងក្លិបអង្គរថាយហ្គឺរ និងក្នុងជំនួប ទល់នឹងក្លិបនគរបាលជាតិ មុនពេលដែលសកម្មភាពកីឡាត្រូវបានផ្អាកជាបណ្តោះអាសន្នអំឡុងពេលទប់ស្កាត់ជំងឺ COVID-19 រហូតមកទល់នឹងបច្ចុប្បន្ន ៕