ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបឹងកេត ម៉ាត់ នូរុណ ក្រោយជាសះស្បើយពីរបួសរបស់ខ្លួនរយៈពេលស្ទើរតែមួយឆ្នាំកន្លងទៅ បានបង្ហាញវត្តមាន និងសមត្ថភាពគួរឱ្យកត់សម្គាល់ក្នុងក្លិប នាប៉ុន្មានប្រកួតដើមរដូវកាល ២០២០នេះ។
ជាមួយនឹងការបង្ហាញខ្លួន ៨ ក្នុង ៩ប្រកួតឱ្យក្លិបបឹងកេត នូរុណ ទាត់បញ្ចូលទីបាន ៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីបាន ៤គ្រាប់ទៀតផង។
ជុំវិញកំណត់ត្រាដ៏ល្អរបស់ខ្លួននេះ កីឡាករវ័យ ២២ឆ្នាំរូបនេះប្តេជ្ញា នឹងជួយក្លិបប្រជែងជើងឯកក្នុងពានរង្វាន់នានា សម្រាប់រដូវកាល ២០២០នេះ។
“ ចំពោះខ្ញុំ ជួយក្រុមឱ្យឈ្នះជើងឯក ជាគំនិតទីមួយ បន្ទាប់មកគឺខ្ញុំខំប្រឹងទាត់បញ្ចូលទីឱ្យបានច្រើនសម្រាប់ខ្លួនឯង ព្រោះខ្ញុំចង់បានស្បែកជើងមាសក្នុងរដូវកាលនេះ ” ការលើកឡើងរបស់នូរុណ ប្រាប់ក្រុមការងារគេហទំព័រ boeungketfc.com ។
គួរឱ្យដឹងថា នូរុណ រកគ្រាប់បាល់ដំបូងក្នុងរដូវកាលនេះ ពេលទាត់ចូលក្រុមអង្គរថាយហ្គឺរ (បាល់ពិន័យ១១ម៉ែត្រ) និងរកបាន១គ្រាប់ថែមទៀតក្នុងជំនួបទល់នឹងក្លិបកងយោធពលខេមរភូមិន្ទ ក្រោយមកទៀត ២គ្រាប់ ទល់នឹងក្លិបភ្នំពេញក្រោន និងចុងក្រោយគឺ ធ្វើបាន Hattrick ទល់នឹងក្លិបអគ្គិសនីកម្ពុជា ។
គួររំលឹកថា ម៉ាត់ នូរុណ ផ្លាស់មកពីក្លិបអគ្គិសនីកម្ពុជា មកចូលរួមក្លិបបឹងកេត នៅដំណាច់ឆ្នាំ ២០១៨ ខណៈដែលពេលនោះរូបគេជួបបញ្ហារបួសដាច់សរសៃជង្គង់អំឡុងពេលហ្វឹកហាត់ត្រៀមរដូវកាលថ្មី រហូតដល់ចុងរដូវកាល ២០១៩ ដែលរូបគេសះស្បើយពីរបួសរបស់ខ្លួន និងចូលរួមបង្ហាញវត្តមានលើកដំបូងឱ្យបឹងកេត ក្នុងជំនួបទល់នឹងក្លិបគិរីវង់សុខសែនជ័យ ក្នុងនាមជាកីឡាករបម្រុង ហើយរូបគេក៏រួមចំណែកជួយឱ្យក្លិបឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៩នោះផងដែរ ៕