ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបឹងកេត សៀង ចន្ធា បានសម្តែងអំពីអារម្មណ៍សប្បាយចិត្តរបស់ខ្លួនក្នុងការចាប់ផ្តើមរដូវកាល ២០២០នេះ ជាមួយក្លិបបឹងកេត ក្រោយពីរូបគេអាចរកគ្រាប់បាល់បាន ៧គ្រាប់ម្នាក់ឯង និងជួយឱ្យក្លិបកំពុងស្ថិតក្នុងកំណត់ត្រាមិនបរាជ័យ គិតត្រឹមសប្តាហ៍ទី ១២ នៃលីគកំពូលកម្ពុជា។
ទាំង១១ប្រកួតក្នុង ១២សប្តាហ៍របស់ក្លិបបឹងកេត សៀង ចន្ធា តែងត្រូវបានគ្រូបង្វឹកជ្រើសរើសឱ្យស្ថិតក្នុងជម្រើស ១១នាក់ដំបូងគ្រប់ការប្រកួត ហើយមិនត្រឹមតែឱកាសរកគ្រាប់បាល់ខ្លួនឯងបានប៉ុណ្ណោះទេ រូបគេក៏អាចបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីថែមទៀតផង។
ចន្ធា៖ “ ខ្ញុំសប្បាយចិត្តដែលខ្ញុំមានឱកាសបង្ហាញខ្លួនលើទីលានបានច្រើន ហើយចំពោះការសហការក្រុមគឺល្អ សូម្បីតែការរកគ្រាប់បាល់ និង Assist របស់ខ្ញុំ ក៏ខ្ញុំសប្បាយចិត្ត តែអ្វីទាំងអស់នេះគឺបានមកពីពួកយើងទាំងអស់គ្នាធ្វើការជាក្រុម ទើបចេញជាលទ្ធផលបែបនេះ ” ។
អំពីទម្រង់លេងដែលគ្រូបានផ្តល់ឱ្យ ជាខ្សែប្រយុទ្ធស្លាប ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានបញ្ជាក់ថា៖ “ ខ្ញុំពេញចិត្តនឹងទម្រង់លេងនេះ ហើយនិយាយទៅប្រយុទ្ធបីខាងលើគឺខ្ញុំអាចលេងបានទាំងអស់មិនថាស្លាបស្តាំ ឆ្វេង ឬកណ្តាលទេ ហើយទោះជាខ្ញុំលេងនៅកន្លែងណាក៏ដោយ ខ្ញុំមិនគិតអំពីការរកគ្រាប់បាល់នោះទេ អ្វីដែលសំខាន់នោះគឺជោគជ័យរបស់ក្លិប ការឈ្នះរបស់ក្លិប ” ។
ចន្ធា សង្កត់ធ្ងន់ថា៖ “ ការរកគ្រាប់បាល់បាន ជាអ្វីដែលសំខាន់សម្រាប់តួនាទីខ្សែប្រយុទ្ធ តែអ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះគឺក្រុមឈ្នះ បើខ្ញុំរកគ្រាប់បាល់បាន ប៉ុន្តែក្រុមចាញ់ វាគឺគ្មានន័យទេ ” ។
អំពីការចាប់ដៃគូលេង និងរកបានគ្រាប់បាល់រួមគ្នាជាមួយមិត្តរួមក្រុម ម៉ាត់ នូរុណ ត្រូវបានសៀង ចន្ធា បកស្រាយថា៖ “ ខ្ញុំយល់ថា វាមានផលវិជ្ជមានច្រើន ព្រោះពួកយើងយល់ចិត្តគ្នាបានច្រើន សហការគ្នាក្នុងទីលាន ពួកយើងពន្យល់គ្នាបានច្រើន អញ្ចឹងហើយ ធ្វើឱ្យយើងយល់ចិត្តគ្នាកាន់តែច្បាស់ ហើយសហការគ្នាបានល្អក្នុងការប្រកួតនិមួយៗ ” ។
ចំពោះការប្តេជ្ញាចិត្តរបស់យុវជនមកពីខេត្តកោះកុងរូបនេះ មិនខុសពីការមកចូលរួមក្លិបកាលពីដើមរដូវកាលនោះទេ គឺរូបគេនឹងខំប្រឹងលេងឱ្យអស់ពីលទ្ធភាពដើម្បីក្លិប ហើយចំពោះការរំពឹងទុកពីលទ្ធផលនៃការប្រកួតចុងក្រោយក្នុងជើងទី១ ទល់នឹងក្លិបព្រះខ័នរាជស្វាយរៀង រូបគេ មិនអាចស្មានបាននោះទេ ដោយគ្រប់យ៉ាងនឹងដឹងច្បាស់ក្រោយការប្រកួតបញ្ចប់ តែយ៉ាងណា រូបគេ និងមិត្តរួមក្រុម នឹងធ្វើអ្វីដែលអ្នកគាំទ្រ និងក្លិបគួរតែទទួលបាន ។
សូមរំលឹកថា សៀង ចន្ធា បង្ហាញខ្លួន ១១ប្រកួតឱ្យបឹងកេតក្នុងលីគកំពូលកម្ពុជា ដោយរកគ្រាប់បាល់បាន ៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៣គ្រាប់ ហើយនៅក្នុងពានរង្វាន់សម្តេចហ៊ុន សែន រូបគេរកបាន២គ្រាប់ ក្នុងជំនួបទល់នឹងក្រុមបាល់ទាត់ខេត្តសៀមរាបទៀតផង ៕