ជុំវិញព័ត៌មានអំពីទីផ្សារដោះដូរកីឡាកររបស់ក្លិបបឹងកេត ដែលកាលពីថ្មីៗនេះបានប្រកាសខ្ចីជើងកីឡាករ Dzarma Bata មកពីក្លិបអង្គរថាយហ្គឺរ សម្រាប់ត្រៀមប្រកួតជុំទីពីរនៃលីគកំពូលកម្ពុជា លោក គឹម ភក្តី ដែលជាគ្រូបង្វឹកបណ្តោះអាសន្ន បានអះអាងថា វត្តមានរបស់រូបគេ នឹងបន្ថែមទម្ងន់នៅតំបន់ណាមួយបានល្អ។
លោក គឹម ភក្តី ឆ្លើយឆ្លងជាមួយក្រុមការងារគេហទំព័រ boeungketfc.com ថា៖ “ ដោយសារតែ Franc មានបញ្ហាគ្រួសារ ដែលម្តាយមានជំងឺត្រូវត្រឡប់ទៅស្រុកវិញ យើងក៏ជំនួសនូវកីឡាករដែលខ្ចីពីអង្គរថាយហ្គឺរ គឺ Bata ដំបូងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំក្លិប អង្គរថាយហ្គឺរ ដែលបានផ្តល់ Bata មកចូលរួមបឹងកេត រយៈពេលខ្លី ប៉ុន្តែខ្ញុំជឿជាក់ថា គាត់អាចឆាប់យល់ពីរបៀបលេងរបស់យើង ជាពិសេសគាត់ក៍ធ្លាប់ជាកីឡាករបឹងកេតដែរ ដូច្នេះ គាត់មានទំនាក់ទំនងល្អជាមួយ ក្រុមបច្ចេកទេស និងកីឡាករ ក្នុងក្រុមហេីយយេីងសង្ឃឹមថា រាល់បច្ចេកទេស និងបទពិសោធន៍ របស់គាត់អាចជួយបន្ថែមទម្ងន់នៅតំបន់ណាមួយបានល្អ ” ។
គួររំលឹកថា Dzarma Bata ធ្លាប់ចូលរួមជាមួយបឹងកេតម្តងរួចមកហើយកាលពីអតីតកាល ដែលកាលនោះរូបគេធ្លាប់ឈ្នះពានលីគកំពូលកម្ពុជាជាមួយបឹងកេត កាលពីរដូវកាល ២០១៦ផងដែរ ។
ក្នុងកាលវិភាគប្រកួតជុំទីពីរ បឹងកេត នឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយ វិសាខា នៅកីឡដ្ឋានព្រីនស៍ ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ៦ល្ងាច ដែលក្នុងវគ្គនេះគឺជាវគ្គប្រកួតរវាងក្រុមក្នុងតំបន់ TOP6 សន្សំពិន្ទុបន្ត ៕