ខ្សែការពារសញ្ជាតិកូតឌឺវ័រ Anderson Zogbe បានបង្ហាញអំពីចំណាប់អារម្មណ៍របស់រូបគេ ជុំវិញការត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងជុំទីពីរនៃលីគកំពូលកម្ពុជា រដូវកាល ២០២០នេះ ដែលរូបគេអះអាងថា ក្រុមនឹងធ្វើបានកាន់តែល្អជាងជុំទីមួយទៅទៀត។
ថ្លែងប្រាប់ក្រុមការងារ boeungketfc.com កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានឆ្លើយឆ្លងនឹងសំណួរដែលបានចោទសួរដូចខាងក្រោម៖
១. តើអ្វីខ្លះ ដែលអ្នក និងក្រុមរបស់អ្នកបានរៀបចំត្រៀមសម្រាប់ជុំទីពីរនេះ?
Anderson៖ ចំពោះជុំទីពីរនេះ ពួកយើងកំពុងតែធ្វើការយ៉ាងល្អជាមួយគ្នា ហើយយើងនឹងធ្វើឱ្យបានល្អជាងការប្រកួតក្នុងជុំទីមួយទៅទៀត។
២. តើអ្នកអាចបង្ហាញអារម្មណ៍របស់អ្នកអំពីដំណាក់កាលទីពីរនេះថាយ៉ាងណាដែរ ដែលយើងត្រូវលេងត្រឹមតែ ៥ប្រកួត ប៉ុន្តែសុទ្ធតែជាក្រុមខ្លាំង?
Anderson៖ ចំពោះខ្ញុំ៥ប្រកួតនោះ គឺប្រកួតផ្តាច់ព្រ័ត្រ ព្រោះយើងជួបក្រុមខ្លាំងទាំងអស់ តែយ៉ាងណាក៏ដោយក្រុមរបស់ខ្ញុំគឺក្រុមរឹងមុំាមួយ ដែលអាចធ្វើឱ្យក្រុមដទៃភ្ញាក់ផ្អើលបានគ្រប់ពេលវេលា ហើយខ្ញុំជឿថាពួកយើងនឹងធ្វើវាបានក្នុងជុំទីពីរនេះ។
៣. តើអ្នកបានគិត និងមានគោលបំណងបែបណាចាប់ពីពេលនេះតទៅ?
Anderson៖ គោលដៅរបស់ខ្ញុំគឺ ឈ្នះជើងឯកជាមួយក្រុម និងលេងនៅ AFC CUP ។
គួររំលឹកថា ចាប់តាំងពីចូលរួមជាមួយក្លិបបឹងកេត នារដូវកាល ២០២០នេះ Anderson ទទួលបានឱកាសបង្ហាញខ្លួនក្នុងការប្រកួត ១១លើក ក្នុង១២ប្រកួតឱ្យក្លិបបឹងកេត និងរកគ្រាប់បាល់បាន ២គ្រាប់ ( ១គ្រាប់ទល់នឹង សូលទីឡូអង្គរ និង១គ្រាប់ទៀត ទល់នឹងគិរីវង់សុខសែនជ័យ ) ជួយក្លិបឱ្យឈរកំពូលតារាងក្នុងជុំទីមួយនេះ ។
ក្នុងកាលវិភាគប្រកួតជុំទីពីរ បឹងកេត នឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយ វិសាខា នៅកីឡដ្ឋានព្រីនស៍ ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ៦ល្ងាច ដែលក្នុងវគ្គនេះគឺជាវគ្គប្រកួតរវាងក្រុមក្នុងតំបន់ TOP6 សន្សំពិន្ទុបន្ត ៕